ព័ត៌មានជាតិ

កុងតឺន័រក្រុមហ៊ុនសូងួន បុកហាយឡែនឌ័រ របួសធ្ងន់ស្រាល៣នាក់ នៅស្រុកព្រៃនប់

​ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំនិងរថយន្តហាយឡែនឌ័រ បណ្តាលឲ្យមនុស្សប្រុស្រី៣នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១៧២-១៧៣ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តធុនធំសណ្តោងរ៉ឺម៉ក ដឹកទូកុងតឺន័រ របស់ក្រុមហ៊ុនសូងួន បើកបរក្នុងទិសដៅ ព្រះសីហនុ-ភ្នំពេញ(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់) លុះមកដល់ចំណុនកើតហេតុ បានបុកជាមួយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-9522 ក្នុងទិសដៅបញ្រ្ចាសគ្នា បើកបរដោយឈ្មោះ រស់ វ៉ាន់សុជាតា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ឯកជន និងអ្នករួមដំណើរ២នាក់ ទី១មានឈ្មោះ តេង លក្ខិណា ភេទស្រី អាយុ២១ឆ្នាំ មុខរបរសិស្ស និងទី២ឈ្មោះ រិន ឌីម៉ង់ ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរសិស្ស អ្នកទាំង៣នាក់ស្នាក់នៅភ្នំពេញ។ ជនរងគ្រោះទាំង៣នាក់ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងធ្វើការវាស់វែង និងនាំរថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំការដោះស្រាយពេលក្រោយ តាមនីតិវិធីច្បាប់៕

មតិយោបល់