ព័ត៌មានជាតិ

ស្រាចូលខ្លួន ចិត្តក្លាហាន! ជិះម៉ូតូមកជេរគេមិនអស់ចិត្ត ត្រឡប់ទៅយកកាំបិតមកកាប់គេទៀត ខ្នោះបានសម្រេច

​បន្ទាយមានជ័យ: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យោងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ប ដួង ភេទប្រុស អាយុ៣៤ឆ្នាំ ពាក់ព័ន្ធនឹងករណី ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចខាងក្រោយសាលារៀនអូរនាង ចម្ងាយប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹង និងអនុលោមទៅតាមការណែនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១១យប់ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ុក មករា ហៅ រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីសួរនាំអំពីអង្គហេតុខាងលើ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា នៅមុនថ្ងៃកើតហេតុមួយថ្ងៃ ជនសង្ស័យ និងជនរងគ្រោះ បានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច តែមិនមានសកម្មភាពអ្វីកើតឡើងទេ នៅថ្ងៃបន្ទាប់ ដែលជាថ្ងៃកើតហេតុជនសង្ស័យបានជិះម៉ូតូ ក្នងស្ថានភាពស្រវឹង ហើយបានស្រែកជេរជនរងគ្រោះរួចក៏ជិះម៉ូតូត្រឡប់ទៅវិញ មួយសន្ទុះក្រោយមកក៏បានជិះម៉ូតូត្រឡប់មកវិញសំដៅរកជនរងគ្រោះ ដោយដៃជនសង្ស័យទាំងសងខាងមានកាន់ដំបងដែកទីប និងកាំបិត ហើយក៏ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្តង។

ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់ដំបងដែកទីប និងកាំបិតកែឆ្នៃ វាយ និងកាប់ទៅលើជនរងគ្រោះ ត្រូវជាច្រើនកាំបិត ចំក្បាល ច្រមុះនិងពោះ។
តាមការសាកសួររបស់កម្លាំងជំនាញ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហឹង្សាទៅលើឈ្មោះ ម៉ប ដួង ដោយប្រើដំបងដែកទីប និងកាំបិត ពិតប្រាកដមែន។

ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុះរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់