ព័ត៌មានជាតិ

អាសូរ! ជាងដែក​ម្នាក់ ឡើងផ្សារដំបូលផ្ទះមិនប្រយ័ត្ន ឆក់ចរន្តអគ្គិសនីធ្លាក់ពីលើដំបូលផ្ទះ បោកក្បាលទៅនឹងថ្មស្លាប់

កណ្ដាល: ជាងដែកម្នាក់ ឡើងផ្សារដំបូលផ្ទះមិនប្រយ័ត្ន ឆក់ចរន្តអគ្គិសនីធ្លាក់ពីលើដំបូលផ្ទះ បោកក្បាលទៅនឹងថ្មស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខុន ខន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែ មុខរបរ កម្មករផ្សារដែក មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពដដែលបន្តថា អស់រយ:ពេល២សប្តាហ៍មកហើយ ដែលជនរងគ្រោះបានមកផ្សារដំបូលផ្ទះឲ្យឈ្មោះ ទ្រី គឹមលី ភេទប្រុស នៅភូមិព្រែកលួង ឃុំព្រែកលួង ដែលមានមេជាងឈ្មោះ ជៀម រតនា ភេទប្រុស នៅភូមិ ព្រែកថោង ឃុំព្រែកលួង ។ លុះមកដល់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៧និង៤០នាទី ជនរងគ្រោះនិងមេជាងរួមនឹងកម្មករម្នាក់ទៀតបានទៅផ្សារដំបូលផ្ទះឲ្យឈ្មោះ ទ្រី គឹមលី ដូចសព្វមួយដង លុះមកដល់វេលាម៉ោងប្រមាណជា៨ព្រឹក ជនរងគ្រោះបានឡើងទៅលើដំបូលផ្ទះហើយកាន់ម៉ូទរ័ស្វានបាញ់វីសសង្គ័សីដំបូលផ្ទះ ខណ:នោះក៏ឆ្លងចរន្តអគ្គិសនីពីម៉ូទរ័មកឆក់ដៃ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើដំបូលផ្ទះចុះមកក្រោម ដែលមានកម្ពស់៥ម៉ែត្រ បណ្ដាលឲ្យបោកក្បាលទៅនឹងថ្មចាក់សាបខាងក្រោមរងរបួសធ្ងន់ ក៏បង្កឲ្យមានការឆោឡោឡើងនិងយកជនរងគ្រោះទៅមន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះដាច់ខ្យល់ស្លាប់ទៅហើយ ។
សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យកោសល្យវិច័យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីប្រាកដមែន។

ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់