Post News Media ព័ត៌មានជាតិ ថ្ងៃសែនចូលឆ្ន...

ថ្ងៃសែនចូលឆ្នាំចិន ស្លាប់៣នាក់របួសធ្ងន់ម្នាក់ ក្នុងករណីម៉ូតូបុកគោយន្ត ២ករណីផ្សេងគ្នា នៅស្រុកស្វាយចេក

​បន្ទាយមានជ័យ: ករណីទី១៖ បុរស២នាក់ បានស្លាប់ភ្លាមៗ ខណ:ជិះម៉ូតូបុកគោយន្តកន្រ្តៃពីក្រោយ នៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ស្ថិតក្នុងភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០១៨ ។

លោក ជា ស្លូញ អធិកាស្រុកស្វយចេក បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តកន្រ្តៃមួយគ្រឿង ដឹកដំឡូងពេញ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយ ឈ្មោះ ហ៊ិន រ៉េន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក។ ខណ:នោះស្រាប់តែមានម៉ូតូ មួយគ្រឿងម៉ូតូម៉ាក ស៊ីភីអរ (CPR) ពណ៌ក្រហម ស៊េរី២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ1M 9980 ជិះគ្នា២នាក់ ក្នុងទិសដៅស្របគ្នា បានបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ អឿន លឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិប្រីយ៌ ឃុំទ្រាស ស្រុកស្វាយចេក ស្លាប់ភ្លាមៗនិងកន្លែង។ និងអ្នករួមដំណើរឈ្មោះ ផ សុជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុ សពត្រូវបានប្រគល់ឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ចំណែក ម៉ូតូ និងគោយន្តកន្រ្តៃ ត្រូវបានយកទៅរក្សាទុក នៅអធិការនគបាលស្រុកស្វាយចេក រងចាំដោះស្រាយដោយនីតិវិធី៕

ករណីទី២ ៖ បុរសពីរបានជិះម៉ូតូ បុកគោយន្តដឹកដំឡូង កំពុងខូចចតចោល បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់ ។ ហេតុការនេះបានកើតឡើងកាលពីវេលា ម៉ោង៦និង៣០នាទីយប់ ថ្ងៃ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ ៥៦អា ស្ថិតនៅភូមិខ្លែងពណ័ត្បូង ឃុំស្លក្រាម ស្រុស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញគោយន្តមួយគ្រឿងដឹកដំឡូងខូច ម្ចាស់កំពុងជួសជុលត្រង់ចំណុចភូមិសាស្ត្រខាងលើ ខណ:នោះស្រាប់តែមាន ម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម សេរី ២០០៨ ពាក់ស្លាក់លេខ សៀមរាប 1C 9248 ជិះគ្នាពីនាក់ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿងលឿន ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏បុកគោយន្តកំពុងខូចពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ កាន់ ស៊ីអិល អាយុ៣៧ឆ្នាំ រស់នៅភូមិអូរវែងជើង ឃុំតាបែន ស្រុកស្វាយចេក បាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរឈ្មោះ បួន សំប៊ូ អាយុ២៧ឆ្នាំ រស់នៅភូមិឃ៊ំជាមួយគ្នា របួសធ្ងន់( បាក់ជើងស្តាំ ) ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកមង្គលបូរី ។ ចំណែកម្ចាស់គោយន្តមិនបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថារស់នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក បានរត់គេចខ្លួនបានស្រមោល។

ក្រោយពីកើតហេតុ សម្ថតកិច្ចបានធ្វើការវាស់វែង យកម៉ូតូ និងគោយន្តទៅរក្សាទុក ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។ ចំពោះម្ចាស់គោយន្ត សម្ថតកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាត់ការទៅតាមនីតិវិធី៕

Loading...