ព័ត៌មានជាតិ

កាមរីវ៉ាជែង ជ្រុលទៅម៉ូតូបញ្ច្រាសទិសគ្នា យុវជន២នាក់រងរបួសធ្ងន់

​ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។

កើតហេតុនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវក្រាលគ្រួសក្រហម ស្ថិតនៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បង្កឡើងដោយរថយន្តម៉ាក កាមរី ពណ៌ស្លែ គ្មានស្លាកលេខ(អ្នកបើកបររត់គេចខ្លួនបាត់) លុះមកដល់ចំណុចកើតហេតុ ក៏បានឡើងវ៉ាជាមួយរថយន្តមួយគ្រឿងទៀត ជ្រុលចង្កូតទៅបុកម៉ូតូ វ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ជិះដោយឈ្មោះ ម៉េង ផានិត អាយុ១៧ឆ្នាំ ភេទប្រុស នៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ(រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ម៉េង ផាន្នី អាយុ១៤ឆ្នាំ ភេទប្រុស លំនៅជាមួយគ្នា(រងរបួសធ្ងន់ បាក់ភ្លៅខាងស្តាំ) ដែលកំពុងធ្វើដំណើរពីកើតទៅលិច បញ្រ្ចាសទិសគ្នា បណ្តាលឲ្យរងរបួសតែម្តង។ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
ចំពោះវត្ថុតាងទាំង២គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំជាបណ្តោះអាសន្ន៕

មតិយោបល់