Post News Media ព័ត៌មានជាតិ ក្មេងស្ទាវ១ក្...

ក្មេងស្ទាវ១ក្រុម ស្រវឹងជិះម៉ូតូជ្រែងពេញផ្លូវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅធ្វើការណែនាំនៅប៉ុស្តិ៍

កំពង់ចាម: អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានអប់រំក្មេងស្ទាវ១ក្រុមមានគ្នាពីរ ឲ្យចេះគោរពច្បាប់ចរាចរណ៍ និងតម្រូវឲ្យទិញមួកសុវត្ថិភាពមកពាក់សិន ទើបប្រគល់ម៉ូតូឲ្យវិញ ក្រោយពីឃាត់ខ្លួនពួកគេ ក្នុងករណីជិះជ្រែពេញផ្លូវ។

សូមរំឭកថា កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១០ និង៥៨នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះល្បាតក្នុងភូមិសាស្រ្ត បានឃើញក្មេងស្ទាវ ជិះម៉ូតូ១គ្រឿង មានគ្នាពីរនាក់ (អត់ពាក់អាវ និងមួកសុវត្ថិភាព) បង្កភាពអាណាធិបតេយ្យ ដោយជិះម៉ូតូជ្រែងពេញផ្លូវ នៅចំណុចតាមដងផ្លូវមាត់ទន្លេ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទើបសមត្ថកិច្ចធ្វើការឃាត់ និងនាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការអប់រំ។

ក្មេងស្ទាវទាំងពីរទី១. ឈ្មោះ ដា ភារុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង២.ឈ្មោះ សុន វិសាល ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ចំណែលវត្ថុតាងចាប់បាន រួមមាន៖ ម៉ូតូម៉ាក ហ្សូម័រអ៊ិច ពណ៌ក្រហម លាយស ពាក់ស្លាកលេខ1Q 4633 ។ ក្រោយពេលសាកសួរ មុខសញ្ញាទាំង២ នាក់ខាងលើបានឆ្លើយថា ពួកគេបានផឹកស្រាស្រវឹងខ្លាំង ទើបជិះជ្រែពេញផ្លូវបែបនេះ បន្ទាប់ពីធ្វើតេស្តជាតិអាកុល ពិតជាស្រវឹងខ្លាំងមែន ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងកំពង់ចាម បានឲ្យពួកគេធ្វើកិច្ចសន្យា ក៏ដូចជាអប់រំ និងណែនាំឲ្យពួកគេចេះគោរពច្បាប់ចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ព្រោះអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដ៏ទៃ និងត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរ រួចក៏ប្រគល់ម៉ូតូឲ្យវិញ ដោយមិនមានការផាកពិន័យនោះទេ៕

Loading...