ព័ត៌មានជាតិ

មេខ្លោងគ្រឿងញៀន២នាក់ ត្រូវនគរបាលឃាត់ខ្លួន នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: ជនសង្ស័យ២នាក់ ជាមុខសញ្ញាមេខ្លោងគ្រឿងញៀន ជួញដូរយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបង្រ្កាប និងឃាត់ខ្លួន រួមទាំងដកហូតបានគ្រឿងញៀនមួយចំនួនធំ។
ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ កសាងសំណុំរឿង រួចបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ។

ប្រតិបត្តិការបង្រ្កាបជនសង្ស័យទាំង២នាក់ បានធ្វើទ្បើងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពី១៤ និង១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ង៉េង សុខជា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ប្រាប់ឲ្យដឹងថា ក្រោយពីកម្លាំងនគរបាលបានធ្វើការស្រាវ ជ្រាវស៊ើបអង្កេតតាមជំនាញ និងឃើញពីសកម្មភាពជាក់ស្តែងរបស់ជនសង្ស័យកំពុងប្រព្រឹត្ត បទល្មើសគ្រឿងញៀនខុសច្បាប់ កម្លាំងនគរបាលក៏ឆ្មក់ចូលបង្រ្កាបជនសង្ស័យទាំង២នាក់ បានជាបន្តបន្ទាប់។

លោកបានបន្តថា ក្នុងអំទ្បុងពេលប្រតិបត្តិការ សមត្ថកិច្ចបានត្រួតពិនិត្យ ក៏ដូចជាឆែកឆេរ និងដកហូតគ្រឿងញៀនចំនួន២ប្រភេទ គឺគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៧៩ថង់ធំ និងតូច ស្មើនិងទម្ងន់១៧៧,៦៦ក្រាម ថ្នាំញៀនមេតំហ្វេតាមីនwy ១៥៤គ្រាប់ស្មើ និងទម្ងន់១៣,៨៦ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង សៀវភៅបញ្ជីឈ្មោះអ្នកទិញជំពាក់គ្រឿងញៀន១ក្បាល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

​លោកនាយការិយាល័យ បាននិយាយថា ជនសង្ស័យ២នាក់ទី១. ឈ្មោះ សូត ម៉ាប់ ភេទប្រុស ​អាយុ៣៦ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុប ​ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន មានស្រុកកំណើតនៅឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណែកទី២. ឈ្មោះ វ៉ាន់ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ មុខសញ្ញាលក់ចែកចាយគ្រឿងញៀន ប្រកបមុខរបររត់ម៉ូតូឌុប មានស្រុកកំណើតភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

​លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាមេខ្លោងគ្រឿងញៀន ឈ្មោះ សូត ម៉ាប់ បានឆ្លើយសារភាព រូបគេបានទិញគ្រឿងញៀនពីអ្នករត់ម៉ូតូឌុប នៅក្រុងប៉ោយប៉ែតមួយខាំ តម្លៃ៥ម៉ឺន៥ពាន់បាតប្រាក់ថៃ លក់ក្នុងម្លៃ១កូនថង់តូច៥០០បាត ដោយខ្លួនយកលក់បន្តឱ្យជនជាតិថៃ និងខ្មែរ ៕

មតិយោបល់