ព័ត៌មានជាតិ

ងាកបាញ់ៗហ្មង! ខឹងគេបោះសំបកកំប៉ុងត្រូវក្បាល ខណៈអង្គុយផឹកជាមួយស្រីស្នេហ៍ បាញ់គំរាម១គ្រាប់ រត់គេចខ្លួនបាត់

ភ្នំពេញ: បុរសម្នាក់ដែលគេអះអាងថាមានឈ្មោះ ទ្រី ហៅតាប៉ោង បានបាញ់១គ្រាប់ឡើងលើនៅមុខស្រីស្នេហ៍ដែលកំពុងអង្គុយផឹកជាមួយគ្នាពេលខឹងអ្នកជិតខាងដែលបោះកំប៉ុងពីលើផ្ទះមកត្រូវក្បាល។

ហេតុការណ៍បាញ់បោះយ៉ាងសេរីនេះបានកើតឡើងនាម៉ោងជាង១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅមុខចំណុចមុខបន្ទប់ជួលលេខ៤ខាងមុខភោជនីយដ្ឋាន ម៉ែក្មេក ស្ថិតតាមបណ្តោយផ្លូវលេខ៦ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នារីដែលជាស្រីស្នេហ៍អង្គុយផឹកជាមួយយមានឈ្មោះ យ៉ុន ស៊ីម អាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ចួលកើតហេតុខាងលើ។ ចំណែកឯបុរសដែលបាញ់បោះសេរីនោះមានឈ្មោះ ទ្រី ហៅតាប៉ោង មានអាយុប្រហែលជាង៤០ឆ្នាំ។

បើតាមនារីដែលជាស្រីស្នេហ៍អង្គុយផឹកជាមួយ បានប្រាប់សមត្ថកិច្ចឲ្យដឹងថានៅម៉ោងជាង៨យប់ ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ ខ្លួនបានអង្គុយផឹកស្រាជាមួយជនបង្ក រហូតដល់ម៉ោងកើតហេតុគឺ ពេលនោះក៏មានអ្នកជួលបន្ទប់នៅខាងលើ បានគប់សំបកកំប៉ុង ចំក្បាលជនបង្ក បានធ្វើឲ្យជនបង្កខឹង ភ្លាមៗនោះជនបង្ក បានឡើងទៅសួរនាំ ក៏បានប៉ះសម្តីគ្នា ពេលនោះជនបង្កបានបាញ់១គ្រាប់ ឡើងទៅលើរួចបានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុនារីដែលជាស្រីស្នេហ៍អង្គុយជាមួយជនបង្កត្រូវបានសមត្ថកិច្ចអញ្ជើញទៅកាន់ប៉ុស្តិ៍ជ្រោយចង្វារ ដើម្បីសួរនាំរកជនបង្កហើយនារីនោះបានប្រាប់ថា ជនបង្កឈ្មោះ ទ្រី ហៅតា ប៉ោង បានរត់គេចខ្លួនបាត់ហើយ៕

មតិយោបល់