Post News Media ព័ត៌មានជាតិ ត្រូវនិយាយថា«...

ត្រូវនិយាយថា«ទេ»​ចំពោះគ្រឿងញៀន! ឃាត់ខ្លួនយុវជន៦នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅវេលាម៉ោង១២ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីបទល្មើស ប្រើប្រាស់សារធាតុញៀនខុសច្បាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ៖ ដោយទទួលបានព័ត៌មាន ពីករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ ស ផៃឡុន ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងបក្ខពួក។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់បន្ថែមថា៖ ក្រោយធ្វើការសាកសួរ និងធ្វើតេស្តទឹកនោម លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់បន្ថែមថា ៖ ក្រោយពីការសាកសួររបស់កម្លាំងជំនាញ និងការធ្វើតេស្តទឹកនោម បានបញ្ជាក់ឲ្យឃើញថា ជនសង្ស័យខាងលើ ពិតជាបានប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ពិតប្រាកដមែន និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

Loading...