ព័ត៌មានជាតិ

ខឹងប្រពន្ធបន្តិចបន្តួច លេបថ្នាំពុលសម្លាប់ខ្លួន!

កណ្តាល: បុរសម្នាក់ដោយសារផឹកស្រវឹង មានទំនាស់បន្តិចបន្តួចជាមួយប្រពន្ធ គិតខ្លីសម្រេចចងកសម្លាប់ខ្លួនឯង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១នត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទី នៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។

នគរបាលស្រុកស្អាងបានឲ្យដឹងថា៖ជនរងគ្រោះ ឈ្មោះ សួន ថា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ ។

នគរបាលបញ្ជាក់ថា៖ មុនពេលកើតហេតុ នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី ជនរងគ្រោះបានផឹកស្រាស្រវឹងយ៉ាងជោកជាំ ហើយបានឈ្លោះប្រកែកជាមួយប្រពន្ធបន្តិចបន្តួច ។ លុះដល់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ មានអ្នកជិតខាងឈ្មោះ ឃន សេង ភេទប្រុស អាយុប្រហែល២៧ឆ្នាំ បានប្រទះឃើញជនរងគ្រោះដេកក្នុងអង្រឹងក្រោមផ្ទះ មានសភាពបែកពពុះមាត់ ក៏បានស្រែកឆោឡោហៅប្រពន្ធ និងអ្នកជិតខាង ឲ្យមកមើលជនរងគ្រោះ ពេលនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្អាង ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សពត្រូវបានបញ្ជូនតាមរថយន្តពេទ្យស្រុកត្រឡប់មកទីលំនៅដ្ឋានវិញ លុះដល់ម៉ោង១១និង៤០នាទីទើបក្រុមគ្រួសារ បានមករាយការណ៍ជូននគរបាលប៉ុស្ដិ៍បា្រសាទ។

ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលបច្ចេកទេសស្រុក ប៉ុស្ដិ៍ប្រាសាទ បានសហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិលេខ២ បានមកដល់ទីតម្កល់សព ស្ថិតវត្តប្រាសាទ រួចបានពិនិត្យលើជនរងគ្រោះ មិនឃើញមានស្លាកស្នាមអ្វីទេ ក្រោយការពិនិត្យ និងតាមការអះអាងពីប្រពន្ធ និងអ្នកជិតខាងឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារផឹកថ្នាំបំពុល ប្រភេទថ្នាំបំពុលសត្វពិតប្រាកដមែន។ ក្រោយពីពិនិត្យរួចសពជនរងគ្រោះរួច ក៏បានប្រគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់