Post News Media ព័ត៌មានជាតិ កងរាជអាវុធហត្...

កងរាជអាវុធហត្ថ៣ខេត្ត ដឹកនាំដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំបែកសំណុំរឿងករណីឃាតកម្ម នៅស្រុកកណ្តាលស្ទឹង ក្រោយស៊ើបអង្កេតស្រាវជ្រាវអស់៣ឆ្នាំ

កណ្តាល: ករណីឃាតកម្មមួយដែលកើតឡើងកាលពីចុងឆ្នាំ ២០១៥ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពមួយនៅសល់តែគ្រោងឆ្អឹងនិងសំលៀកបំពាក់ នៅចំណុចក្នុងព្រៃឫស្សីចម្ងាយពីផ្លូវលំប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១និង១៥នាទី។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយ អហ ខេត្តបន្ទាយមានជយ័ និងខេត្តតាកែវ ដឹកនាំដោយជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេសបំបែកសំណុំរឿងករណីឃាតកម្មនៅស្រុកកណ្តាលស្ទឹង បន្ទាប់ពីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ អស់រយ:ពេល៣ឆ្នាំ បានហើយ។

មន្ត្រីជាន់ខ្ពស់របស់កងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា៖ ករណីនេះសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យសាកសពធ្វើកោសលវិច័យដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ តាមការពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវ តាមការអះអាងបញ្ជាក់ពីឈ្មោះ ជុច សេង (ឪពុកសេង ប៊ុនលី ) រស់នៅភូមិកុកទឹល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យើងធ្វើការសន្និដ្ឋានថា: ជាករណីឃាតកម្ម (ប្លន់សម្លាប់យកម៉ូតូ) ហើយសពជនរងគ្រោះមានឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងបន្ទុក ដោយ សំអាងលើសំលៀកបំពាក់និងខ្សែក្រវ៉ាត់ ហើយគាត់(ឪពុកសព)បាត់កូន(សេង ប៊ុនលី) តាំងពីថ្ងៃអុំទូកម្ល៉េះ។
ករណីនេះដែរលោក សំ តុលា មេបញ្ជាការ អហ ខេត្តកណ្តាល បានដឹកនាំបញ្ជាផ្ទាល់ និងចុះអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតដោយលោក វ.ឯក ទូច អ៊ី ណាន មេបញ្ជាការរងទទួលផែនយុត្តិធម៌ រហូតឈានដល់ការកំណត់មុខសញ្ញាជនសង្សយ័បានមួយចំនួន។ ក្រោមបញ្ជានិងការយកចិត្តទុកដាក់របស់លោក មេបញ្ជាការ កម្លាំងជំនាញ អហ ខេត្តកណ្តាលនិងស្រុកកណ្តាលស្ទឹង បានពុះពារស្វែងរកមុខសញ្ញាជនសង្សយ័ រហូតបានស្នើសុំ ដីកាបញ្ជាឲ្យចូលខ្លួនពីលោកព្រះរាជអាជ្ញា ដើម្បីស្វែងរកជនសង្សយ័ឈ្មោះយឺន ចន្ទី ហៅទី ហៅរ៉ា ព្រមទាំងបានជូនដំណឹង ផ្សព្វផ្សាយដីកានិងរូបថតឈ្មោះយឺន ចន្ទី ទៅគ្រប់អង្គភាពកងរាជអាវុធហត្ថថែមទៀតផង ។ ក៏ប៉ុន្តែក្នុងដំណាក់ការអនុវត្តន៏ដីកាបញ្ជាឲ្យចូលខ្លួននេះ កម្លាំងជំនាញយើងរកពុំឃើញឈ្មោះយឺន ចន្ទី ឡើយដោយគេបានគេចខ្លួនពីមូលដ្ឋាន ទៅរស់នៅសង្ងំលាក់ខ្លួនកន្លែងផ្សេង។

លុះមកដល់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ ជនល្មើសឈ្មោះ យឺន ចន្ទី ហៅ ទី ដែលបានរត់គេចមកលាក់ខ្លួននៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ជាក់ស្តែង) និងដោយបានពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណ ភិនភាគ តាមដីកាជាមួយរូបថតដែល អហ ខេត្តកណ្តាល បានផ្សព្វផ្សាយជូនដំណឹងកាលពីឆ្នាំ២០១៦ កម្លាំងជំនាញ អហ ខេត្តបន្ទាយមានជយ័បានសួរនាំ (យឺន ចន្ទី) តើខ្លួនមានពាក់ពន្ធ័ករណីឃាតកម្មលើឈ្មោះសេង ប៊ុនលី កាលពីចុងឆ្នាំ២០១៥ដែរទេ? ជនល្មើសរូបនោះបានសារភាពថា:ខ្លួនពិតជាបានធ្វើសកម្មភាពជាមួយបក្សពួកម្នាក់ទៀតឈ្មោះ ឆាយ ផារុត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករៀបចំឆាកភ្លេង(អកកាដង់) រស់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ ធ្វើសកម្មភាពជាមួយគ្នាសម្លាប់ប្លន់យកម៉ូតូ ឈ្មោះ សេង ប៊ុនលី (សព)កាលពីថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោងជិត៦ល្ងាច នៅចំណុចក្នុងព្រៃឬស្សី ក្នុងស្រុកកណ្តាលស្ទឹងពិតប្រាកដមែន។

ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ខេត្តបន្ទាយមានជយ័ ជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកចៅក្រមស៊ើបសួរខេត្តកណ្តាល ទើបកម្លាំជំនាញកងរាជអាវុធហត្ថ ដឹងថាជនសង្សយ័ឈ្មោះយឺន ចន្ទី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣១ ដក.បចខចុះថ្ងៃទី២៤ /៣/២០១៦ របស់ចៅក្របស៊ើបសួរសាលាដំបូងខេត្តកណ្តាល។

កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបានសុំគោលការ និងការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលយកជនសង្សយ័ឈ្មោះយឺន ចន្ទី ពីខេត្តបន្ទាយមានជយ័មកឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល (តាមដីកា) និងស្នើសុំ ពន្លាតសមត្ថកិច្ចដែនដី ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ខេត្តតាកែវ នៅវេលាម៉ោង១១.០០នាទី ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំ អហ ខេត្តកណ្តាល ខេត្តតាកែវ សហការគ្នាហៅឈ្មោះឆាយ ផារុត នៅចំណុចមុខផ្ទះស្ថិតនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ យកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកណ្តាលស្ទឹង ខេត្តកណ្តាល នៅចំពោះមុខសមត្ថកិច្ចឈ្មោះឆាយ ផារុត បានឆ្លើយសារភាពមានភាពស៊ីសង្វាក់ដូចគ្នាទៅនឹងចម្លើយឈ្មោះយឺន ចន្ទី (ឆ្លើយនៅ អហ ខេត្តបន្ទាយមានជយ័) ថា: កាលល្ងាចថ្ងៃទី២៥ខែវិច្ឆកាឆ្នាំ២០១៥ ក្នុងចំណោមពួកគេទាំងបីនាក់ ឈ្មោះយឺនន្ទី មានថ្នាំញៀនមួយកញ្ចប់និងបានបបួលឈ្មោះឆាយ ផារ៉ុត ព្រមទាំងជនរងគ្រោះ(សេង ប៊ុនលី) ចូលជក់ថ្នាំញៀនក្នុងព្រៃឫស្សីក្បែរកន្លែងកើតហេតុ ឃើញឪកាសល្អ និងដោយមានគំនុំពីមុនមកផងនោះ ជនសង្សយ័ទាំងពីរនាក់ធ្វើសកម្មភាពព្រួតគ្នាវាយទៅលើជនរងគ្រោះពេលនោះជនរងគ្រោះស្រែកឲ្យគេជួយភ្លាមនោះឈ្មោះឆាយ ផារុតហូតខ្សែក្រវ៉ាត់ពីចង្កះទាក់កជនរងគ្រោះហើយទាញរិតម្នាក់ម្ខាងជាមួយឈ្មោះយឺន ចន្ទី រហូតដលជនរងគ្រោះដាច់ខ្យល់ដួលលើដី
ហើយឈ្មោះឆាយ ផារុត យកកូនសោរចេញពីម៉ូតូជនរងគ្រោះយកមកចាក់បំពង់ក ជនរងគ្រោះបន្ថែមជាច្រើនកន្លែងបន្ថែមទៀត រួចក៏នាំគ្នាអូសសពជនរងគ្រោះយកទៅទុកចោលនៅក្នុងព្រៃឫស្សីចម្ងាយពីផ្លូវលំប្រហែលជាង១០០ម៉ែត្រ ស្តិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពិតប្រាកដមែន ចំណែកម៉ូតូម៉ាកC១២៥ សេរីឆ្នាំ២០១៥ របស់ជនរងគ្រោះពួកគេបានជិះយកទៅលក់នៅផ្សារឃ្លាំងរំសេវបានប្រាក់ចំនួន៥០០ដុល្លារ រួចក៏ជិះម៉ូតូឌុបមកផ្ទះវិញ ។

ក្រោយពីដឹងព័ត៌មានថាសម្ថកិច្ចចាប់ខ្លួនប៉ាត់ តុល រស់នៅភូមិ.ឃុំជាមួយគ្នា យកទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ជាប់ពាក់ពាក់ពន្ធ័ករណីខាងលើ ពួកគេរត់ ចេញពីមូលដ្ឋានគេចសម្ងំលាក់ខ្លួននៅកន្លែងផ្សេង រហូតដល់ពេលសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់។ នៅចំពោះមុខជំនាញកងរាជអាវុធខេត្តកណ្តាល ឈ្មោះឆាយ ផារុតឆ្លើយសារភាពថាខ្លួនប្រើប្រាស់ថ្នាំញៀន ការធ្វើតេស្តិរកសារធាតុញៀនជាលទ្ធផលបញ្ជាក់ថា ឈ្មោះឆាយ ផារុត ពិតជាមានសារធាតុញៀន ។
ដោយឡែក ឈ្មោះ ប៉ាត់ តុល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកណ្តាល ពុំបានចូលរួមធ្វើសកម្មភាពក្នុងអំពើឃាតកម្មខាងលើនោះទេ នេះបើយោងតាមចល្លើយសារភាពរបស់ឃាតករពិតប្រាកដគឺឈ្មោះយឺន ចន្ទី និងឈ្មោះឆាយ ផារុត និងការស៊ើបអង្កេតស្រាវជ្រាវដោយដកចិត្តទុកដាក់របស់កម្លាំង ជំនាញកងរាជអាវុធហត្ថ។
បច្ចុប្បន្នជនសង្សយ័ឈ្មោះយឺន ចន្ទី ត្រូវបានសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល(តាមដីកា) រីឯជនសង្សយ័ឈ្មោះឆាយ ផារុត ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូង និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួចផងដែរ។ ចំណែកឈ្មោះប៉ាត់ តុល បន្តឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាលនៅឡើយ រង់ចាំការសម្រេចរបស់តុលាការ៕

Loading...