ព័ត៌មានជាតិ

រថយន្តដឹកថ្មក្រុមហ៊ុនចិនស្ថាបនាផ្លូវជាតិលេខ៥៥ ពន្លះរ៉ូឡូកិនដី របួសធ្ងន់២នាក់ នៅស្រុកវាលវែង

ពោធិ៍សាត់: លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកថ្មនិងរថយន្តរ៉ូឡូកិនដីបុកគ្នា ក្រឡាប់ខ្ទេចស្ទើរទាំងស្រុង រងរបួសធ្ងន់ស្រាលមនុស្ស២នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចA៤ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តHYUNDAI ដឹកថ្មពេញ របស់ក្រុមហ៊ុនចិនស្ថាបនាផ្លូវជាតិលេខ៥៥ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានចុះចំណោតស្របពេលហ្រ្វាំងមិនស៊ី ក៏ជ្រុលទៅបុកនឹងរថយន្តរ៉ូឡូកិនដី ធ្វើដំណើរស្របទិសគ្នា បណ្តាលអ្នកបើកបររថយន្តHYUNDIA រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង និងអ្នកបើករថយន្តរ៉ូឡូ រងរបួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកវាលវែង ខណ:រថយន្តទាំង២គ្រឿងខ្ទេចស្ទើរតែមើលមិនយល់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងស្ទូចយករថយន្តមករក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់