ព័ត៌មានជាតិ

កំពុងតែអង្គុយផឹកឆ្ងាញ់មាត់ផង ត្រូវក្មេងមួយក្រុមយកដំថ្មមកគប់ម៉ូតូកង់បីឥណ្ឌា ដែលចតខាងមុខហាង ផាត់ធី ខ្ទេចកញ្ចក់មុខ!

ភ្នំពេញ: បុរសមួយក្រុមបានបបួលគ្នាជិះម៉ូតូកង់បីមួយគ្រឿងមកផឹកសុីក្នុងហាងមួយកន្លែងដើម្បីសប្បាយនិងស្តាប់ភ្លេងកំដរអារម្មណ៍ហើយកំុពុងផឹកសុីឆ្ងាញ់មាត់ផងនោះ ត្រូវបានក្មែងមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកសួនាំរកម្ចាស់កង់បីហើយបានធ្វើសកម្មភាពយកដំថ្មគប់ទៅលើម៉ូតូកង់បីចតស្ងៀមនៅនឹងមុខហាងបណ្តាលឲ្យបែកកញ្ចក់ខាងមុខខ្ទេច រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ផាត់ធី តាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេឃើញបុរស៤នាក់ ជិះម៉ូតូកង់បីឥណ្ឌា(ឡាំប៉ាតា)មួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ បានបើកមកឈប់ចតនៅចំណុចកើតហេតុខាងលើ ហើយបាននាំគ្នាដើរចូលទៅផឹកសុីនៅខាងក្នុងតាំងពីពេលព្រលប់ លុះពេលផឹកសុីដល់ម៉ោងកើតហេតុខាងលើក៏បានលេចមុខក្មេងស្ទាវមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូពីគ្រឿងបានមកសួនាំបុគ្គលិកបម្រើការក្នុងហាងថា«មានឃើញម្ចាស់ម៉ូតូកង់បីនេះទេ» ភ្លាមនោះបុគ្គលិកហាងបានប្រាប់ថាគាត់កំពុងផឹកសុីនៅខាងក្នុង បន្ទាប់ពីប្រាប់ហើយក្មេងស្ទាវនោះមិនបានសួរវែងឆ្ងាយទៀតទេ បានយកដំុថ្មដែលលាក់ទុកជាប់នឹងខ្លួនធ្វើសកម្មភាពគប់ចំកញ្ចក់ខាងមុខបែក និងខូចខាតយ៉ាងដំណំបន្ទាប់ពីបានធ្វើសកម្មភាពគប់រួចហើយបាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យម្ចាស់ម៉ូតូកង់បីទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១ដើម្បីឲ្យសមត្ថកិច្ចស្វែងរកមុខជនបង្កចាប់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់