ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងម្នាក់ ចេញពីក្លឹបកាហ្សា បាញ់អ្នករត់តាក់ស៊ីនគររាជ ១គ្រាប់ ឲ្យរបួសធ្ងន់ធ្ងរផ្អើលទឹកដីខណ្ឌ៧មករា!

ភ្នំពេញ: បុរសម្នាក់ចេញពីក្លឹបកាហ្សា បានហៅរថយន្តតាក់ស៊ីជិះចេញមកដល់ចំណុចមុខរោងកុនអង្គរ មិនដឹងថា មានរឿងអ្វីទេ បានដកកាំភ្លើងខ្លីបាញ់១គ្រាប់ទៅលើអ្នកបើកបរតាក់ស៊ី នគររាជ បណ្ដាលឲ្យរបួសធ្ងន់គ្រាប់បៀមជាប់ក្នុងសាច់ ត្រូវបានដឹកបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ហេតុការណ៍នេះកើតឡើងនៅក្នុងទឹកដីខណ្ឌ៧មករា និងបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃអង្គារ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨នេះ នៅចំណុចមុខអតីតរោងកុនអង្គរ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បុរសម្នាក់ជាអ្នករត់តាក់ស៊ីជាមួយជនរងគ្រោះប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រាផងបានទាក់ ទងមកក្រុមហ៊ុន នគររាជ ដើម្បីរកតាក់ស៊ីជិះ ទើបជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ី នគររាជ ដែលប្រចាំការក្បែរនោះ បើករថយន្តទៅដឹកជនសង្ស័យលក្ខណ:ជាភ្ញៀវធម្មតាប៉ុណ្ណោះ។

ប្រភពបន្តថា នៅពេលធ្វើដំណើរមកដល់ចំណុចមុខអតីតរោងកុនអង្គរ មិនដឹងថា កើតមានរឿងអ្វីនោះទេ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងខ្លីបាញ់១គ្រាប់ សំដៅលើអ្នកបើកបរតាក់ស៊ីជាជនរងគ្រោះ ចំចង្កេះខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានចុះពីលើរថយន្ត រត់គេចខ្លួនចូលទៅពួនលើផ្ទះជាន់ទី២ នៅម្ដុំក្រោយសាលាសង្កាត់អូរឫស្សី១ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះធ្វើការដេញចាប់តែម្ដង។

ជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីឲ្យក្រុមហ៊ុន នគររាជ ត្រូវបានជនសង្ស័យបាញ់ចំនួន១គ្រាប់ ចំចង្កេះខាងស្ដាំ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ខណ:គ្រាប់កាំភ្លើងនៅបៀមជាប់មិនទាន់ដកចេញបានទេ ទើបបញ្ជូនចូលទៅបន្ទប់សង្គ្រោះបន្ទាន់។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចដេញចាប់បាន ហើយដកហូតបានកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងការឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់