ព័ត៌មានជាតិ

ខ្វះរឿងឈ្លោះមកឈ្លោះរឿងជក់បារី មានអីរបួសទាំងសងខាង!

ភ្នំពេញ: បុរសដែលជាអ្នករត់ម៉ូតូឌុបនិងបុរសដែលជាអ្នករត់រ៉ឺម៉កកង់បីទាំង២នាក់ បានទំនាស់ពាក្យសម្តីគ្នាបង្កជាហិង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យម្ខាងរបួសបែកក្បាលហូរឈាមពេញមុខនិងម្នាក់ទៀតរបួសស្រាល ព្រោះតែរឿងជក់បារីក្បែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ ទីតាំងនៅតូបកាហ្វេមួយកន្លែងជិតនិងសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភាគីរងរបួសបែកក្បាលឈ្មោះ ជា ផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ខេង វន្នី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមសម្តីឈ្មោះ ជា ផាន បានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែមកអង្គុយផឹកកាហ្វេជុំគ្នា និងលេងសើចទៅវិញទៅមក លុះមកដល់វេលាកើតហេតុរូបគាត់បានអង្គុយក្បែរ ឈ្មោះខេង វន្នី ហើយបានជក់បារី ខណ:កំពុងជក់ស្រាប់តែឈ្មោះខេង វន្នី យកជើងមកទាត់បារីចេញពីដៃ ភ្លាមនោះរូបគាត់បានយកអំបោសមកវាយជើងវិញ ស្រាប់តែឈ្មោះខេង វន្នី ស្ទុះមកវាយរូបគាត់ទើបគាត់ទ្រាំមិនបានក៏វាយទៅវិញទៅមកហើយក៏បានអ្នកក្បែរនោះចាប់បំបែកឲ្យចេញពីគ្នាផងដែរ។

តាមសាក្សីដដែលបានបន្តថា បន្ទាប់ពីកើតហេតុរួចរូបគាត់ក៏បានបើកកង់បីចេញស្រាប់តែភាគីម្ខាងទៀតយកសោម៉ូតូមកវាយបណ្តាលឲ្យបែកក្បាលហូរឈាមពេញមុខ ក្រោយកើតហេតុរូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីសុំការអន្តរាគមន៍តែម្តង។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងជនរងគ្រោះសមត្ថកិច្ចបានហៅជនបង្កមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីដោះស្រាយបន្ត។

នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថាខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែនព្រោះតែរឿងជក់បារីក្បែរតែរូបគាត់ក៏រងរបួសដែរ៕

មតិយោបល់