Post News Media ព័ត៌មានជាតិ ឃុំខ្លួន បុរស...

ឃុំខ្លួន បុរសដែលបើករថយន្ត បុកនគរបាលខណ្ឌឬស្សីកែវ ឲ្យរងរបួស ពេលចុះអនុវត្តច្បាប់ចរាចរណ៍

ភ្នំពេញ: យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨នេះ លោក តុប ឈុនហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបើករថយន្តបុក នគរបាលខណ្ឌឬស្សីកែវ កំពុងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកកាលពីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅ ជាបណ្តោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំបន្តនីតិវិធីនាពេលក្រោយ។

ប្រភពដដែលបានបន្ដថា លោក សៀង សុខ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ សា សារី ហៅ សារី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម ស្នាក់នៅផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ពីបទ ប៉ុនប៉ងឃាតកម្ម លើជនរងគ្រោះមានឈ្មោះ ហ៊ុល ចន្ទរាសី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជានគរបាលខណ្ឌឬស្សីកែវ ទីលំនៅផ្ទះលេខ ៣៤F ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបទ ប្រឆាំងមន្ត្រីរាជការសាធារណ: ប្រព្រឹត្តនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ ៥ មុខរោងចក្រញូកាញ់ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅ ជនសង្ស័យខាងលើបានបើករថយន្តរបស់ខ្លួនម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ 2AL-1530 បុកជនរងគ្រោះ ខណ:កំពុងតែចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ ៥ មុខរោងចក្រញូកាញ់ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ៕

Loading...