Post News Media ព័ត៌មានជាតិ គ្រាន់តែឃើញសម...

គ្រាន់តែឃើញសមត្ថកិច្ចអនុវត្តន៍ច្បាប់ចរាចរណ៍ ផ្តួលម៉ូតូផ្លោះរបង រត់ចោលម៉ូតូ

ភ្នំពេញ: ជនសង្ស័យម្មាក់បានផ្លោះរបងរត់ចោលម៉ូតូ១គ្រឿង។ ចំណែកឯអ្នករួមដំណើរម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនដើម្បីសួរនាំ ខណ:ពេលដែលពួកគេជិះម៉ូតូ១គ្រឿងអត់ស្លាកលេខ និងអត់ពាក់មួកសុវត្ថិភាព កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខប៉ុស្ដិ៍រដ្ឋបាលនគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមនគរបាលបាននិយាយថា ជនដែលរត់គេចខ្លួននោះឈ្មោះ ភ័ក្រ ភេទប្រុស អាយុជិត៣០ឆ្នាំ មានទីលំនៅក្នុងភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ហើយជននេះគឺជាម្ចាស់ម៉ូតូ១គ្រឿងម៉ាកហុងដា PCX ពណ៌ស មានកញ្ចក់ ប៉ុន្តែអត់ស្លាកលេខ និងសង្ស័យថាជាមុខសញ្ញាចោរលួចទើបរត់បែបនេះ។ ចំណែកអ្នករួមដំណើរម្នាក់ទៀតត្រូវឃាត់ខ្លួនសួរនាំនោះឈ្មោះ ណូ ដានិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅជិតវត្តឈូកវ៉ា ក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ក្រោយការសាកសួរ យុវជននេះបាននិយាយថា ខ្លួនគ្រាន់តែជាអ្នកសុំឈ្មោះ ភ័ក្រ្ត មកជាមួយក្នុងបំណងរកទិញអីហូបប៉ុណ្ណោះ ព្រោះជាអ្នករស់នៅភូមិជិតគ្នា។ ក្រោយមកដោយសារម៉ូតូអត់ស្លាកលេខ ហើយពួកគេអត់ពាក់មួកសុវត្ថិភាព ក៏ត្រូវនគរបាលឃាត់ខ្លួនបែបនេះ ហើយឈ្មោះ ភ័ក្ត្រ ទំនងមានខ្លួនដែលប្រព្រឹត្តល្មើសអ្វីមួយទើបរត់។ រីឯរូបគេមិនបានដឹងរឿងមិនមានគំនិតគេចខ្លួនឡើយ។ បន្ទាប់ពីសួរនាំឃើញថា យុវជននេះមិនបានដឹងរឿងអ្វីទាំងអស់នោះ ទើបកម្លាំងដោះលែងឲ្យរួចខ្លួននិងត្រឡប់ទៅផ្ទះវិញ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុខណ:ពេលដែលកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ កំពុងស្ទាក់ចាប់ម៉ូតូអត់កញ្ចក់ និងស្លាកលេខព្រមទាំងអ្នកជិះអត់ពាក់មួកសុវត្ថិភាពនៅចំណុចខាងលើនោះ។ ស្រាប់តែបានឃើញជនសង្ស័យទាំង២នាក់ ជិះម៉ូតូម៉ាកPCX ទៅដល់ដោយមានកញ្ចក់ត្រឹមត្រូវ ប៉ុន្តែអត់មានស្លាកលេខ និងអត់ពាក់មួកថែមទៀតផង។ ពេលឃើញបែបនេះកម្លាំងបានឃាត់ឲ្យឈប់រួចបាននាំចូលទៅក្នុងប៉ុស្ដិ៍ដើម្បីត្រួតពិនិត្យរកឯកសារពាក់ព័ន្ធផ្សេងៗពីពួកគេ។ លុះមួយសន្ទុះក្រោយមកជនសង្ស័យឈ្មោះ ភ័ក្រ្ត បានសុំទៅបត់ជើងតូចរួចក៏បានផ្លោះរបងរត់ចូលទៅក្នុងក្រុមហ៊ុនលក់រថយន្ត CHENG LONG MOTO (CIMC) នៅជិតនោះគេចខ្លួនបាត់តែម្ដង ពេលនោះកម្លាំងបានតាមរកដែរតែរកមិនឃើញឡើយ។

ប្រភពខាងលើបានបន្តទៀតថា ម៉ូតូម៉ាកPCXនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ខាងលើធ្វើការដកហូតទុក ហើយសង្ស័យថា ជនដែលរត់គេចខ្លួននោះលួចពីកន្លែងណាមួយ ហើយមានស្នាមគាស់ស្លាកលេខចោលថែមទៀតផង។ ពេលនេះកម្លាំងកំពុងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លូនជនសង្ស័យម្នាក់នោះមកសាកសួរឲ្យដឹងពីមូលហេតុដែលរត់ចោលម៉ូតូនោះហើយ៕

Loading...