Post News Media ព័ត៌មានជាតិ ហាយឡែនឌ័របត់ឆ...

ហាយឡែនឌ័របត់ឆ្លងផ្លូវចូលម៉ូឌែន៥ បុកម៉ូតូយុវជនម្នាក់រងរបួស!

ភ្នំពេញ: រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបត់ឆ្លងផ្លូវ ជ្រុលបុកម៉ូតូវ៉េវមួយគ្រឿងបណ្តាលឲ្យយុវជនម្នាក់រងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២០ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខម៉ូឌែន៥ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AI 5850 បើកដោយបុរសម្នាក់មិនត្រូវស្គាល់ឈ្មោះនោះទេ។
ម៉ូតូរងគ្រោះម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AA 6492ជិះដោយយុវជនម្នាក់ឈ្មោះ ខាត់ វិបុល អាយុ១៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងខាងលើជិះដោយយុវជនម្នាក់ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៥ ខណ:មកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តហាយឡែនឌ័រខាងលើបើកតាមបណ្តោយផ្លូវជាតិលេខ៥បញ្ច្រាសទិសគ្នា ហើយរថយន្តបានបត់ឆ្វេងបំណងចូលម៉ូឌែន៥ ក៏ជ្រុលបុកម៉ូតូកំពុងបើកបណ្តាលឲ្យដួលរងរបួសស្រាល។ ចំណែកម៉ូតូរងការខូចខាតតិចតួចរីឯរថយន្តបែកស្តុបមុខផ្នែកខាងស្តាំនិងកំពិតកាងមុខ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកទៅពិនិត្យនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូនិងរថយន្តត្រូវបាននគរបាលមូលដ្ឋានទៅដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូដាក់ខាងរួចយកមករក្សាទុកនៅប៉ុស្តិ៍ រង់ចាំភាគីរថយន្តនិងដំណាងភាគីម៉ូតូសម្របសម្រួលគ្នាបញ្ចប់រឿងនៅពេលក្រោយ៕

Loading...