ព័ត៌មានជាតិ

ថាហើយថាទៀត! ឲ្យតែមិនស្តាប់ ជាប់ខ្នោះទាំងអស់!

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ ក្រោយបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ប្ញស្សីកែវ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ក្នុងនោះស្រីម្នាក់ព្រមទាំងដកហូតថ្នាំញៀន៦កញ្ចប់តូច។

ហេតុការណ៍បើកប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងកាលពីវេលាម៉ោ៤រសៀល ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចស្មុកស្មាញជាប់មាត់ទន្លេ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

នគរបាលឲ្យដឹងថាក្នុងចំណោមមនុស្សទាំង១៦នាក់នោះមានម្នាក់ជាបុរសជាអ្នកជួញដូរគ្រឿងញៀន នគរបាលបានដកហូតថ្នាំញៀនចំនួន៤កញ្ចប់តូចនិង២កញ្ចប់ទៀត ដកហូតពីប្រុសស្រី២នាក់ដែលជាករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។
នគរបាលបន្តថាជាសរុបមនុស្សចំនួន១៥នាក់ជាជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ចំពោះសម្ភារ:ដកហូតបាននៅក្នុងប្រតបត្តិការណ៍នោះមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៦កញ្ចប់តូច,ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១៦នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់