Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនយោធា...

ឃាត់ខ្លួនយោធាម្នាក់តាមដីកាបញ្ជា របស់ព្រះរាជអាជ្ញារងក្រុងភ្នំពេញ រឿងប្រើស្លាកលេខរថយន្តក្លែងក្លាយ

ភ្នំពេញ: បើយោងតាមគណនីហ្វេសប៊ុក របស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានបង្ហោះកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ម្សិលមិញ ស្តីពីការឃាត់ខ្លួន មន្ត្រីយោធាម្នាក់ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ករណី ប្រើប្រាស់រថយន្តពណ៌ត្រីអ៊ី និងក្លែងស្លាកលេខ។

គណនីហ្វេសប៊ុកដដែលនេះបាន បញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងការិយាល័យព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ យឹម សុកាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរយោធា ឋានន្តរសក្តិ អនុសេនីយ៍ទោ នៃអង្គភាពបញ្ជាការដ្ឋានកងរថក្រោះ បានធ្វើឡើងកាលពី ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពបន្ដថា ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើង តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ០៣៤ អ.យ.ព របស់ លោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលបាន ចោទប្រកាន់ ជនសង្ស័យ ពីបទប្រើប្រាស់រថយន្តពណ៌ត្រីអ៊ី និងក្លែងស្លាកលេខ និងបានកំណត់ឲ្យជនសង្ស័យបង្ហាញខ្លួន នៅការិយាល័យព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបានមុនថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រគល់ឲ្យការិយាល័យព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់ការតាមនីតិវិធី៕

Loading...