ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀននៅចំណុចផ្លូវ៦០ម៉ែត្រ​ ដកហូតជិត៥០កញ្ចប់!​

ភ្នំពេញ: បន្ទាប់ពីមានការបញ្ជារផ្ទាល់ពីលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បានស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ និងអាជ្ញាធរពាក់ព័ទ្ធទាំងអស់ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតឲ្យ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ។

ទើបនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ និង កម្លាំងសាលាសង្កាត់ចាក់អង្រែលើ បានចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចសំណង់មិនរៀបរយ (វាលខ្សាច់​) ផ្លូវលំ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួ​នសង្ស័យចំនួន៤នាក់ ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

បើតាមលោក ម៉េង​ វិមានតារា អធិការរងខណ្ឌមានជ័យ​ បានប្រាប់ឲ្យដឹងថា ជនសង្ស័យ​ទាំង៤នាក់នោះមានឈ្មោះ ៖ ១-ឈ្មោះ សួស ង៉ាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ណាន សុវណ្ណ ហៅ ខ្វាន់ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ សឿន ធារ៉ា ហៅ ម៉ាប់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៤-ឈ្មោះ តួ ឃុនណារាជ ហៅ តោ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ១៦៧ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះយើងបានចាប់យកវត្ថុតាង ៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ៤៣ កញ្ចប់ថង់តូច, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០១ ,ទូរសព្ទដៃចាស់​០៣គ្រឿង,​ ក្រដាសអាលុយមីញ៉ូមមួយចំនួន និង ទុយោរជ័រតូចៗមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ បានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕

មតិយោបល់