ព័ត៌មានជាតិ

ជិះម៉ូតូលឿនខ្លាំងមិនប្រកាន់ស្តាំ ជ្រុលទៅបុករថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែង!

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបានបុកជាមួយនឹងរថយន្ត ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីយប់ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ កើតឡើងខណ:ដែលម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-7186 បើកបរពីជើងទៅត្បូង ដោយឈ្មោះ ហាន់ ម៉េងហាក់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បានបុកជាមួយរថយន្តសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-7537 ដែលកំពុងបើកពីត្បូងទៅជើង​ បញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់បុរសជាអ្នកបើកម៉ូតូភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់​បន្តទៀត៕

មតិយោបល់