ព័ត៌មានជាតិ

បញ្ជូន ខ្លួនលោកយោធាម្នាក់ ដែលប្រើប្រាស់រថយន្តព័ណ៌ត្រីអ៉ី និងក្លែងស្លាកលេខរថយន្ត ទៅតុលាការនៅព្រឹកនេះ

ភ្នំពេញ: បើយោងតាមការបញ្ជាក់របស់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨នេះថា សមត្ថកិច្ច បានបញ្ជូនខ្លួន ជនសង្ស័យ ជាយោធា ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី ពាក់ព័ន្ធសំណុំរឿងប្រើប្រាស់រថយន្តព័ណ៌ត្រីអ៉ី និងក្លែងស្លាកលេខរថយន្ត។

យោងតាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ យឹម សុកាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរយោធា ឋានន្តរស័ក្តិ អនុសេនីយ៍ទោ នៃអង្គភាពបញ្ជាការដ្ឋានកងរថក្រោះ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងការិយាល័យព័ត៌មាន​ និង​សន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ឃាត់ខ្លួនកាលពី ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង​ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើង តាមដីកាបញ្ជឱ្យចូលខ្លួន លេខ​០៣៤ អ.យ.ព របស់ លោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលបានចោទប្រកាន់ ជនសង្ស័យ ពីបទប្រើប្រាស់រថយន្តព័ណ៌ត្រីអ៉ី និងក្លែងស្លាកលេខ និងបានកំណត់ឱ្យជនសង្ស័យបង្ហាញខ្លួន នៅការិយាល័យព័ត៌មាន​ និង​សន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ឱ្យបានមុនថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រគល់ឱ្យការិយាល័យព័ត៌មាន​ និង​សន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ដើម្បីចាត់ការតាមនីតិវិធី។

គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវ ឱ្យកងកម្លាំងអនុវត្តច្បាប់ ឱ្យបានតឹងរឹង បំផុតពាក់ព័ន្ធ ករណីមន្ត្រីខិលខូច ប្រើប្រាស់រថយន្តគេចពន្ធ ក្រោមរូបភាពពាក់ស្លាកលេខ ខ.ម និង ន.ប បំពានច្បាប់។

ជាចុងក្រោយនេះ គេបានឃើញថា ពិតជាមានការអនុវត្តច្បាប់យ៉ាង ម៉ឺងម៉ាត់មែន គឺសមត្ថកិច្ចបានចាប់ខ្លួន យោធា ជាជនសង្ស័យលើបានម្នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់រថយន្តព័ណ៌ត្រីអ៉ី និងក្លែងស្លាកលេខរថយន្ត ខណ:ដែលរថយន្តពាក់ស្លាកលេខ ខ.ម ព័ណ៌ត្រីអ៊ី និងពាក់ស្លាកលេខ ន.ប ជាកម្មសិទ្ធិឯកជនរបស់មន្ត្រី រាប់សិបគ្រឿង កំពុងចរាចរយ៉ាងរំភើយ ពាសពេញផ្លូវ មិនទាន់មានសមត្ថកិច្ចជំនាញ ណាហ៊ានទៅក្បែរនៅឡើយ៕

មតិយោបល់