ព័ត៌មានជាតិ

រថយន្ត​ដឹក​កម្មករ១គ្រឿង ​ពន្លះ​​ម៉ូតូ​ពីក្រោយ​ របួសធ្ងន់ស្រាល ២៦ នាក់ នៅស្វាយរៀង

ស្វាយរៀង: ​ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​ដឹក​កម្មករ១គ្រឿង ​បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​មនុស្ស​២៦​នាក់​ ដែលហេតុការណ៍​នេះ ​បានកើត​ឡើង​កាលពីវេលាម៉ោង៧ និង ២០ នាទីព្រឹកថ្ងៃទី​២០ ខែកុម្ភ: ឆ្នាំ​២០១៨នៅលើ​ផ្លូវ​លេខ​១​ ​ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃ​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ច ​បានឲ្យដឹងថា ​មុន​កើតហេតុ មាន​រថយន្ត​មួយគ្រឿង ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ​ពាក់​ស្លាក​លេខ កំពង់ចាម 3A-5613 បើកបរ​ដោយ​ឈ្មោះ​ចាប​វុទ្ធី ​ភេទ​ប្រុស​អាយុ​៣៦ ​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​បើករថយន្ត​ដឹក​កម្មករ ​ទីលំនៅ​ភូមិ​លៀប​ឃុំ​កណ្តៀង​រាយ​ ស្រុកស្វាយទាប​ ខេត្តស្វាយរៀង​ បាន​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​ប្រុស​ស្រី​២២​នាក់​ ​​មកដល់​ចំណុចកើតហេតុ​ខាងលើ​ ​​ទៅបុក​ប៉ះ​ម៉ូតូ​ពីក្រោយ​ម៉ាក​ហុងដា​C125​ បើក​ដោយ​ឈ្មោះ កែវ រី​គោ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​ជនជាតិខ្មែរ​ មុខរបរ​ធ្វើស្រែ​ ​ទីលំនៅ​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ និង​អ្នករួមដំណើរ​ចំនួន​៣​នាក់ ទី១ឈ្មោះ ណាក់ គោ​រី​ណា ភេទ​ប្រុស អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ទី២ឈ្មោះ ណាក់ គោ​អា​លី​សា​ប៉ែត ភេទ​ប្រុស អាយុ​៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស និងទី៣​ឈ្មោះ គោ តា​ម៉ា ភេទ​ស្រី អាយុ​៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច ​បាន​ចុះមកជួយអន្តរាគមន៍​ ដោយបញ្ជូន​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទាំង​៤ ​នាក់ ​ទៅ​មន្ទី​រពេទ្យ​ ប៉ុន្តែ​ក្នុងចំណោមពួកគេ មានបីនាក់បានរងរបួស​ធ្ងន់​ ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជួន​បន្តទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។ រីឯ​អ្នកបើករថយន្ត​ក្រោយ​កើតហេតុ​ បានដាក់មេប្រូច​បាត់ៗ ​បន្សល់​ទុកកម្មករ​កម្មការិនី​រងរបួស​ស្រាល​២២​នាក់​ នៅ​និង​កន្លែង​។

បច្ចុប្បន្ន​វត្ថុតាង​ភាគីទាំងសងខាង ​ត្រូវ​បា​នគរបាល​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ​ដើម្បី​កសាងសំ​ណុំ​រឿង​ ដើម្បីចាត់ការ​តាមនិតីវិធីច្បាប់៕

មតិយោបល់