ព័ត៌មានជាតិ

អ្នកខ្លះសង្ស័យថាមានខ្មោចចាំកាច់! សិស្សវិទ្យាល័យដងទង់ ដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ

កំពត:​ សិស្សវិទ្យាល័យដងទង់ បានដួលសន្លប់ជាបន្តបន្ទាប់​ ដោយពុំមានមូលហេតុ​ច្បាស់លាស់​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ខណ:ដែលលោកគ្រូអ្នកគ្រូ​ ថាមានអ្នកតាកាច់។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹក​ ថ្ងៃទី២១​ ខែកុម្ភ:​ ឆ្នាំ២០១៨ នៅចំណុចវិទ្យាល័យដងទង់​ ស្ថិតក្នុងឃុំ​ដងទង់​ ស្រុកដងទង់ ខេត្តកំពត​។

បើតាមប្រភពពីនគរបាលបានឲ្យដឹងថា​ សិស្សដែលដួលសន្លប់ទាំងនោះ​ មានចំនួន១៤នាក់​ ភេទស្រីទាំងអស់ ហើយមូលហេតុនៃការដួលសន្លប់នេះ​ នៅពុំទាន់ដឹងច្បាស់នៅឡើយ​។​

ប្រភពបន្តថាក្រោយកើតហេតុភ្លាម​ លោកគ្រូអ្នកគ្រូ​ នៅសាលាខាងលើ​ បាននាំគ្នាដុតធូប​សែនព្រេនអ្នកតា​ ទើបស្ងប់ស្ងាត់ទៅវិញ​ ហើយក៏បញ្ជូនសិស្សស្រីទាំងនោះ​ ទៅសង្គ្រោះនៅមណ្ឌលសុខភាពដងទង់​ភ្លាមៗតែម្តង។

សូមបញ្ជាក់ថាពេលទៅដល់មណ្ឌលសុខភាព​ សិស្សទាំងអស់នោះពុំមានអ្វីធ្ងន់ធ្ងរឡើយ​ ក៏ដឹងខ្លួនតាមសភាពធម្មតា​ បើតាមលទ្ធផលធ្វើតេស្តឈាមរបស់គ្រូពេទ្យសិស្សភាគច្រើន​ គឺមានជំងឺខ្វះជាតិស្ករ​។​ បច្ចុប្បន្នសិស្សសាលាដែលរងគ្រោះដួលសន្លប់ខាងលើ​ ត្រូវបានឪពុកម្តាយមកទទួលយកទៅផ្ទះរៀងៗខ្លួន​ ចំណែកសាលារៀនផ្អើលពេញមួយព្រឹក។

គួររំលឹកថា​ បើតាមប្រភពពីលោកគ្រូ​ អ្នកគ្រូ​ បានរៀបរាប់ថា​ នៅប៉ុន្មានថ្ងៃមុននេះ​ ក៏មានសិស្សស្រីធ្លាប់ដួលសន្លប់ជាបន្តបន្ទាប់ដូចគ្នា​ តែពុំច្រើនដូចលើកនេះទេ​ ហើយមូលហេតុទាំងអស់នេះ​ កំពុងធ្វើឲ្យមានចម្ងល់គ្រប់ៗគ្នា​ ខណ:ដែលលោកគ្រូអ្នកគ្រូខ្លះ​ សង្ស័យថាមានខ្មោចចាំកាច់៕

មតិយោបល់