ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់ និងសិស្សសាលា២នាក់របួសធ្ងន់!

កោះកុង: លោកអធិការរងស្រុកស្រែអំបិល បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទី យប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ធួន ប៊ុនថេង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រងរបួសបាក់ជើងខាងស្តាំ (បាក់ភ្លៅ )និងអ្នករួមដំណើរឈ្មោះ ណេត វិរ: ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស រងរបួសក្បាល និងបាក់ច្រមុះ អ្នកទាំង២មានទីលំនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញ (ពេទ្យលោកសង្ឃ) បន្ទាប់ពីបានបុកជាមួយម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខ បើកបរដោយឈ្មោះ ណាក សំណាង ហៅវង្ស ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្លាប់ក្រោយពេលបញ្ជូន
ទៅដល់មន្ទីរពេទ្យស្រែអំបិល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកម៉ូតូទាំង២ទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលដងពែងជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់