ព័ត៌មានជាតិ

តុលាការខេត្តកោះកុង ចេញដីកាឃុំខ្លួនបុរសម្នាក់ ដែលប៉ុនប៉ងរំលោភក្មេងស្រីសតិមិនគ្រប់

ភ្នំពេញ: យោងតាមការបញ្ជាក់តាម Telegram របស់ លោកព្រះរាជអាជ្ញារង អ៊ុន សុវណ្ណធានី អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្ត កោះកុង ឱ្យដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង នៅរសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន បុរសម្នាក់ដែលប៉ុនប៉ងរំលោភក្មេងស្រីមានសតិមិនគ្រប់ ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។

អ្នកនាំពាក្យដដែលបានបន្ថែមថា លោក ប៊ូ ប៊ុនហាង ជាតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ យិន ជាតិ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ពីបទ ប្រទូស្តកេរខ្មាស ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង យោងតាមមាត្រា ២៤៦ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅ កម្លាំងអាវុធហត្ថខេត្តកោះកុង បានឃាត់ខ្លួនជនត្រូវចោទខាងលើ តាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ ឈ្មោះ ស.ស ភេទស្រី អាយុ១៥ ឆ្នាំ ដែលមានសតិមិនគ្រប់ ដោយបានអះអាងថា ជនត្រូវចោទ បានប៉ុនប៉ងចាប់រំលោភ និងបៀតបៀនលើកូនស្រីរបស់ខ្លួន នៅពេលនាង យកលុយអាប់ថ្លៃកាហ្វេទៅឱ្យជនត្រូវចោទនៅចំណុចកើតហេតុ៕

មតិយោបល់