ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៊ុត សីហា ត្រូវប៉ូលិសចាប់ខ្លួនពីបទគ្រឿងញៀន

យោងតាមមន្ត្រីនគរបាលជាន់ខ្ពស់ប្រចាំក្រសួងមហាផ្ទៃបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកក្រោយប្រតិបត្តិការស្ទាក់ចាប់រថយន្តមួយគ្រឿដែលសង្ស័យថាបានផ្ទុកគ្រឿងញៀន កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភ: ក្នុងឆ្នាំ២០១៨នេះ នៅម្ដុំពងទឹកទល់មុខសាលាបឋមសិក្សាពងទឹក ក្នុងខណ្ឌដង្កោថា គឺអ្នកស្ថិតនៅក្នុងរថយន្ត ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអមជាមួយនឹងគ្រឿងញៀន ដែលមិនទាន់ត្រូវបានបញ្ចេញតួលេខថាមានប៉ុន្មាននៅឡើយនោះ គឺពិតជាអតីតម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ គឺលោក ប៊ុត សីហា ដែលបានជាប់ពានកាលពីចុងឆ្នាំ២០១៤នោះម្នាក់ដែរ។ ការប្រកាសឲ្យដឹងនេះបានធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកគឺជាតារាល្បី ប៉ុន្តែបែរជាត្រូវចាប់បានក្នុងការស្ទាក់ចាប់រថយន្តរបស់លោក ដែលត្រូវសមត្ថកិច្ចអះអាងថាមានពាក់ព័ន្ធនឹងគ្រឿងញៀនបែបនេះ។

ការប្រកាសជាសាធារណ:នោះបានបញ្ជាក់ថា ដោយសារតែមានការតាមដានពីសកម្មភាពមិនប្រក្រតីរបស់លោក ប៊ុត សីហា ទើបឈានដល់ការស្ទាក់ចាប់នៅត្រង់ចំណុច ខាងមុខសាលាបឋមសិក្សាពងទឹក ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណជា៥ និង៣០នាទីល្ងាចតែម្ដង ដោយម្ចាស់រថយន្តគឺ ពិតជា លោក ប៊ុត សីហា ដែលតារាចម្រៀងរបស់ហង្សមាស និងជាម្ចាស់ពានThe Voice Cambodia ដែលជាតារាល្បីម្នាក់។

បើតាមមន្រ្តីនគរបាលដែលបានទម្លាយដំណឹងនោះ បានអះអាងថាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានតាមដានលោក ប៊ុត សីហា ប្រមាណជាកន្លះខែមកហើយ ហើយដោយលោកកាន់តែធ្វើសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន ទើបឈានដល់ការចុះចាប់តែម្ដង ក្នុងពេលដែលលោកបានបើករថយន្តមកដល់ចំណុចដែលត្រូវស្ទាក់បង្ក្រាបនោះ។ ក្រោយស្ទាក់ចាប់ខ្លួន តារាចម្រៀងក្មេងវស្សារូបនេះ ត្រូវបាននាំខ្លួនភ្លាមៗទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀត ប៉ុន្តែគេមិនទាន់ដឹងថា មានគ្រឿងញៀនប៉ុន្មាននោះទេ ដែលត្រូវបានរឹបអូស។ ទូរស័ព្ទលោកប៊ុត សីហា ខលចូលតែមិនមានអ្នកលើកឆ្លើយនោះទេមកទល់នឹងយប់ថ្ងៃដដែល ក្រោយការចាប់ខ្លួន៕

មតិយោបល់