ព័ត៌មានជាតិ

ហួសចិត្ត!! ឆក់កាបូបបានសម្រេចហើយបោះខ្សែកាបូបឲ្យវិញ រួចជិះគេចខ្លួនបាត់

ភ្នំពេញ: ស្ត្រី២នាក់បងប្អូន ជិះម៉ូតូចេញពីព្រះអង្គដងកើ ត្រឡប់ទៅផ្ទះវិញ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាពឆក់កាបូបបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចស្ពានអាកាស៥មករា តាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ​រាជធានីភ្នំពេញ។

ជនរងគ្រោះ២នាក់បងប្អូនទី១ជាបងមានឈ្មោះ ញ៉ន រត្ថា ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកបើកម៉ូតូ និងទី២ជាប្អូនមានឈ្មោះ ញ៉ន លក្ខិណា ភេទស្រី អាយុ២៤ឆ្នាំ ហើយទ្រព្យសម្បត្តិដែលត្រូវបាត់បង់នៅក្នុងកាបូបរួមមាន​ទូរសព្ទដៃ៣គ្រឿង IPhone5 ចំនួន២គ្រឿង និងអិនចុចពិល១គ្រឿង អត្តសញ្ញាណបណ្ណ័១សន្លឹក កាតលាយសិន១សន្លឹក និងលុយចំនួន១៥០ដុល្លាជាង។

តាមប្រភពព័ត៌ពីជនរងគ្រោះត្រូវជាបងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់មានគ្នា២នាក់ប្អូនជិះម៉ូតូមួយម៉ាក Zoomer-X ពណ៌ខ្មៅលាយ ពាក់ស ពាក់ស្លាកលេខ ភ្នំពេញ 1GM-8553 ជិះចេញពីព្រះអង្គដងកើ នៅម្តុំមុខវាំង បំណងជិះត្រឡប់ទៅផ្ទះវិញទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៦ទៅ៧គ្រឿងមាន លេត មានសង់ និងប៊ែត បានមកពីក្រោយហើយធ្វើសកម្មភាពឆក់កាបូបដែលគាត់ស្ពាយនៅខាងមុខមានសម្រេច តែរឿងគួឲ្យហួសចិត្តនោះជនសង្ស័យបានបោះខ្សែកាបូបឲ្យរូបគាត់វិញ ហើយនាំគ្នាជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ២នាក់បងប្អូនបានជិះម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ដើម្បីឲ្យសមត្ថកិច្ចស្វែងរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់