ព័ត៌មានជាតិ

ខាតដើមហើយលោកចោរ! លួចម៉ូតូគេមិនបានហើយ អស់ទាំងម៉ូតូខ្លួនឯងទៀត!

ភ្នំពេញ: ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងទៀតបានសម្រេច តែត្រូវបានម្ចាស់ម៉ូតូឃើញ រួចក៏ស្រែកឆោឡោ បណ្តាលឲ្យជនសង្ស័យភ័យ ក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ត្រង់ចំណុចក្នុងបុរីបឹងសាឡាង ខាងមុខផ្ទះលេខ៣៩ ផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្តីពីបុរសរងគ្រោះសូមមិនបញ្ចេញឈ្មោះ ដែលជាសន្តិសុខយាមនៅក្នុងបុរីបឹងសាឡាងខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-9377 មកឈប់ចតចាក់សោ.កទុកចោលនៅកន្លែងកើតហេតុ។ ហើយជនរងគ្រោះក៏បានដើរល្បាតក្នុងបុរីដើម្បីការពារសន្តិសុខ លុះដល់វេលាកើតហេតុស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GM-9575 មកឈប់ក្បែរម៉ូតូរបស់ជនរងគ្រោះ។ បន្ទាប់មកក៏មានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់បានចុះមកធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូរបស់ជនរងគ្រោះបានសម្រេចហើយបម្រុងនឹងជិះរត់គេចខ្លួន តែក៏ត្រូវជនរងគ្រោះឃើញហើយស្រែកឆោឡោនិងបានប្រតាយប្រតប់ជាមួយនិងជនសង្ស័យទាំង២បណ្តាលឲ្យជនសង្ស័យទាំង២នាក់នោះភ័យស្លន់ស្លោក៏ផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូរបស់ជនសង្ស័យមួយគ្រឿងនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនិងបានយកម៉ូតូរបស់ជនសង្ស័យខាងលើទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងដើម្បីធ្វើការស្រាវជ្រាវរកមុខជនសង្ស័យយកមកដាក់ទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់