Post News Media ព័ត៌មានជាតិ រថយន្តកូរ៉េ ប...

រថយន្តកូរ៉េ បត់ស្តាំដៃកិនម៉ូតូឌ្រីមសង់ ជាប់ខាងក្រោម រងរបួសស្ត្រីម្នាក់

ភ្នំពេញ: បុរស២នាក់ បើកបររថយន្ត១គ្រឿង បត់ស្តាំមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលបើកទៅត្រង់នៅខាងមុខ បណ្តាលឲ្យម៉ូតូកៀបជាប់ក្រោមរថយន្ត រងរបួសជើងស្ត្រីម្នាក់ខាងឆ្វេងធ្ងន់។

ហេតុការណ៍នេះកើតឡើងឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-5578 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅជិះមកពីផ្សារហេងលីឆ្ពេះទៅមន្ទីពេទ្យព្រះកុសុម:។ លុះមកដល់ចំណុចកើតហេតុដែលផ្លូវបំបែក ស្រប់ពេលដែលមានរថយន្តកូរ៉េមួយគ្រឿងពណ៌ស ចំណុះ មួយតោនកន្លះ ពាក់ស្លាកលេខ កណ្តាល 2A-3912 បើកបរដោយបុរស២នាក់ ក្នុងទិសដៅស្របទិសនិងបើកទន្ទឹមគ្នា បានបើកបត់ស្តាំមកផ្លូវ ១៨២ ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូខាងលើបណ្តាលឲ្យម៉ូតូកៀបជាប់ក្រោមរថយន្តរងការខូចខាត។ រីឯអ្នកបើកបរម៉ូតូរងរបួសជើងខាងឆ្វេងធ្ងន់ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងបានទាក់ទងហៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Loading...