ព័ត៌មានជាតិ

ចុះពីស្ពានលឿនពេក ពន្លះខឿនផ្លូវលាន់ដូចរន្ទះ របួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ: យុវជន៤នាក់ រងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូឌ្រីមសង់ក្នុងល្បឿនលឿន ខណ:ចុះពីលើស្ពានអាកាសខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកខឿនផ្លូវពេញទំហឹង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ តាមបណ្ដយផ្លូវ២៧១ ចំណុចគល់ស្ពានស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន​៤នាក់បើកម៉ូតូឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1R-5054 បើកពីត្បូងទៅជើងបានឡើងស្ពានក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឲ្យផ្លោងបោកនឹងខឿនរងរបួសរណូករណែលធ្ងន់២និងស្រាល២នាក់ ភ្លាមៗនោះគេឃើញរថយន្តសង្គ្រោះមន្ទីរពេទ្យឯកជនមកដឹកទៅព្យាបាល។ចំណែកម៉ូតូរងគ្រោះរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យរង់ចាំសាច់ញាតិយកឯកសារមកនិងប្រគល់ជូនវិញ៕

មតិយោបល់