ព័ត៌មានជាតិ

បុរសញៀនថ្នាំម្នាក់ ដេញកាប់ប្រពន្ធនិងឪក្មេក ដោយសារជម្លោះផ្ទៃក្នុង!..

​ភ្នំពេញ: បុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនឈ្លោះជាមួយប្រពន្ធ ជេរប្រពន្ធ និងម្តាយឪពុកក្មេក ដល់ពេលឪពុកក្មេកខឹងរករឿង ទាញដាវដេញកាប់ប្រពន្ធ និងឪពុកក្មេក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ទីតាំងតាមបណ្តោយផ្លូវបេតុង ក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សៀប រតនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយនៅផ្ទះ រស់នៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់ និងប្រពន្ធ មានជម្លោះគ្នាតិចតួច ដោយរឿងឪពុកម្ដាយក្មេក បន្ទាប់មកឪពុកដេញវាយគាត់ ហើយបណ្ដាលឱ្យគាត់យកដាវកែច្នៃមកដេញកាប់ប្រពន្ធ និងឪក្មេក។

គាត់បានបញ្ជាក់ទៀតថា រូបគាត់ និងគ្រួសាររបស់គាត់ តែងមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ ហើយឪពុកក្មេកកាន់ជើងកូនខ្លួន បានដេញវាយគាត់ជាច្រើនដង មកហើយពេលនោះគាត់ខឹងខ្លាំងពេក ក៏បានយកដាវដេញវាយដេញប្រពន្ធ បណ្ដាលឲ្យភ័យ ក៏ទៅប្ដឹងសមត្ថកិច្ចឃាត់ខ្លួនគាត់តែម្ដង ។

បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅ២ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះល្បាតក្នុងមូលដ្ឋានទីតាំងស្មុគស្មាញ ហើយបានប្រទះឃើញ ជនបង្កខាងលើបានដេញកាប់ប្រពន្ធ នៅក្នុងក្រុមគ្រួសារ តែមិនទាន់បានកាប់ឡើយ ដោយដេញបន្លាច ឲ្យខ្លាចតែប៉ុណ្ណោះ នៅពេលនោះដែរ កម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ជនបង្ក តែម្តងដោយមានដាវយកមកសួរនាំ ពេលនោះជនសង្ស័យបានសារភាពថា ខ្លួនខឹងប្រពន្ធ និងឪក្មេកពេក គ្រាន់ដេញបន្លាចតែប៉ុណ្ណោះ ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ បានសាកសួរលើជនសង្ស័យ បានសារភាពបន្តថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនជាញឹកញាប់ សឹងរាល់ថ្ងៃ ពេលខ្លះជក់ថ្នាំញៀនក្នុងមួយថ្ងៃចំនួន៣ដងផងដែរ ហើយក្នុងមួយដងចំនួនលុយ២ម៉ឺនរៀល ដោយទិញនៅក្នុងមូលដ្ឋានខាងលើផងដែរ ។

ក្រោយពេលកើតហេតុ ជនបង្កខាងលើត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ បានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ រង់ចាំចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់