Post News Media ព័ត៌មានជាតិ ជនសង្ស័យជាសន្...

ជនសង្ស័យជាសន្តិសុខម្នាក់ លួចម៉ូតូអ្នកបើករថយន្តក្នុងបរិវេណក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យុវជនសង្ស័យជាសន្តិសុខឯកជនម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះជាអ្នកបើករថយន្តដឹកជនជាតិចិននិងជាអ្នកបកប្រែភាសាចិនបានសម្រេចគេចខ្លួនបាន៣ថ្ងៃត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ឃាត់ខ្លួនបាន។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០១៨នៅចំណុចក្បែរវត្តទួលសង្កែសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។

យុវជនសង្ស័យឈ្មោះខុន សំណាងភេទប្រុសអាយុ១៨ឆ្នាំមុខរបរសន្តិសុខនិងយាមក្លឹបបាល់ទាត់ភ្នំពេញក្រោនតែមិនបានដឹងលំអិតថាក្រុមហ៊ុនសន្តិសុខនោះមានឈ្មោះអ្វីនោះទេស្នាក់នៅក្នុងក្លឹបបាល់ទាត់ភ្នំពេញក្រោនមានស្រុកកំណើតភូមិគោកបន្ទាយឃុំគោកបន្ទាយស្រុករលៀរប្អៀរខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះវង្ស ភារ:ភេទប្រុសអាយុ២៣ឆ្នាំមុខរបរបើករថយន្តដឹកជនជាតិចិននិងបកប្រែភាសាចិនស្នាក់នៅភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោ។

ចំណែកម៉ូតូដែលជនសង្ស័យលួចនោះម៉ាកសង់បិចពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BL 4784ស៊េរីឆ្នាំ២០១២ត្រូវជនសង្ស័យជិះដល់ព្រែកក្តាមហើយត្រូវសមត្ថកិច្ចនៅទីនោះអនុវត្តច្បាប់ចរាចរណ៍(ឃាត់ម៉ូតូអត់មួកកញ្ចក់)ឃាត់ម៉ូតូទុកបណ្តោះអាសន្នព្រោះជនសង្ស័យប្រព្រឹតខុសច្បាប់ចរាចរណ៍។

ប្រភពពត៌មានពីសន្តិសុខដូចគ្នាបានឲ្យដឹងថានៅមុនពេលកើតហេតុកាលពីយប់ថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០១៨ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះនៅក្នុងបរិវេណក្លឹបបាល់ទាត់ភ្នំពេញក្រោននៅក្នុងសង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវហើយក្រោយមកលោកនិងសន្តិសុខ២នាក់ផ្សេងទៀតសរុបគ្នាបីនាក់បានទៅតាមរករហូតដល់ស្រុកកំណើតរបស់ជនសង្ស័យនៅភូមិគោកបន្ទាយឃុំគោកបន្ទាយស្រុករលៀរប្អៀរខេត្តកំពង់ឆ្នាំងឃើញជនសង្ស័យតែមួយភ្លែតជនសង្ស័យគេចខ្លួនបាត់រហូតដល់ម៉ោង២និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២២ខែកុម្ភ:ឆ្នាំដដែលទើបក្រុមសន្តិសុខនិងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ឃាត់ខ្លួនជនសង្ស័យនៅចំណុចក្បែរវត្តវត្តទួលសង្កែតែម្តង។

ប្រភពពត៌មានពីបងប្រុសជនរងគ្រោះបានឲ្យដឹងថាប្អូនរបស់គាត់បានទុកម៉ូតូក្នុងបរិវេណក្លឹបដូចធម្មតាហើយបានដឹកភ្ញៀវរួចហើយត្រឡប់ចូលគេងធម្មតាស្រាប់តែព្រឹកឡើងម៉ោងប្រហែលជា៩ព្រឹកថ្ងៃទី២០ខែកុម្ភ:មិត្តភ័ក្ររបស់ប្អូនគាត់ខ្ចីម៉ូតូជិះទៅផ្សារហើយប្អូនរបស់គាត់បានឲ្យសោម៉ូតូទៅមិត្តភ័ក្រនោះដើម្បីជិះទៅផ្សារតែពេលមិត្តភ័ក្រទៅរកម៉ូតូមិនឃើញទើបប្រាប់ទៅប្អូនគាត់វិញថាអត់ឃើញម៉ូតូទេទើបមានការភ្ញាក់ផ្អើលហើយក៏បានទៅសួរសន្តិសុខដែលនៅយាមនៅទីនោះសន្តិសុខប្រាប់ថាម៉ូតូត្រូវជនសង្ស័យខាងលើនេះជិះចេញទាំងពីយប់ម្លេះហើយក៏មានការសហការណ៍គ្នារវាងសន្តិសុខនិងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២២ខែកុម្ភ:នេះតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចម៉ូតូប្រាកដមែន។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួកសង្កែទី២ដើម្បីសាកសួនិងបញ្ជូនបន្តទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Loading...