ព័ត៌មានជាតិ

សាំងយ៉ុង២គ្រឿងឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ធភ្លើង!

ភ្នំពេញ: រថយន្តសាំងយ៉ុងចំនួន២គ្រឿង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ធភ្លើង ខណ:ដែលម្ចាស់ដាក់តាំងលក់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី ២២ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅ តាមផ្លូវ១០១៩ ភ្នំពេញហាណូយ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់រថយន្តត្រូវបានគេស្គាល់ ឈ្មោះ អន រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំមុខរបរលក់រថយន្ត ស្នាក់នៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ។ ចំណែករថយន្តដែលអគ្គិភ័យឆាបឆេះទាំង២គ្រឿងឆេះ ស្ទើរខ្ទេចទាំងស្រុង ជាប្រភេទសាំងយ៉ុង មួយគ្រឿងពណ៌លឿង និងមួយគ្រឿងទៀតពណ៌ស្លែ ត្រូវបានម្ចាស់ដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ពុំមានព័ត៌មានច្បាស់ការណាមួយ ពីដើមចមឡើយ ខណ:ដែល រថយន្តចតទុកចោលសុខៗ ស្រាប់តែ កើតមានឧប្បត្តិហេតុ ហុយផ្សែង ខ្មួល ចេញជាអណ្តាតភ្លើងឆេះសន្ធោរសន្ធៅតែម្តង បង្កឲ្យភ្ញាក់ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ភ្លើងរលត់ទៅវិញ ហើយមិនបង្កឲ្យអ្នកណារងរបួស គ្រាន់តែខូចខាត តែរថយន្តទាំង២គ្រឿង ស្ទើរទាំងស្រុង ។

តាមសមត្ថកិច្ច បានសន្និដ្ឋានថា សង្ស័យផ្តើមមកពីការឆ្លងប្រព័ន្ធភ្លើង ទើបរថយន្ត ទាំង២គ្រឿងចតទន្ទឹមគ្នាឆាបឆេះបែបនេះ។
ក្នុងហេតុការនេះដែរគេក៏ឃើញវត្តមានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខនិងលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុផងដែរ៕

មតិយោបល់