Post News Media ព័ត៌មានជាតិ រថយន្តដឹកស៊ីម...

រថយន្តដឹកស៊ីម៉ង់ត៍ បើកបុកពីក្រោយរថយន្តដឹកទំនិញ ខ្ទេចមុខខ្លួនឯង!

ភ្នំពេញ: រថយន្តដឹកស៊ីម៉ង់ត៍១គ្រឿង បានវ៉ាក់ជាមួយរថយន្តដឹកទំនិញបម្រុងបត់ឆ្លងផ្លូវ ហើយគេចមិនទាន់បានជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតកំពិតខ្ទេចមុខខ្លួនឯងយ៉ាងដំណំ ខណ:ដែលកំពុងបើកបរស្របគ្នា។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវបេតុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដឹកស៊ីម៉ង់ត៍ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-0964។ ចំណែករថយន្តទ្រុងដឹកទំនិញនោះម៉ាកCENTER ក្បាលពណ៌ក្រហម លាយទឹកប្រាក់ ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-3147។ ហើយអ្នកបើកបររថយន្តទាំង២គ្រឿងនេះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿងបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នា ដោយរថយន្តទ្រុងបើកមុខ ចំណែករថយន្តដឹកស៊ីម៉ង់ត៍បើកតាមក្រោយ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តទ្រុងបានបត់ឆ្វេងប្រុងឆ្លងផ្លូវដែលជាហេតុធ្វើឲ្យរថយន្តដឹកស៊ីម៉ង់ត៍វ៉ាក់គេចចេញមិនទាន់ក៏បានជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យកំពិតខ្ទេចមុខយ៉ាងដំណំតែម្ដង។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងខណ:នោះបណ្ដាលឲ្យអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍គាបជាប់ជើងរងរបួស ហើយត្រូវបាននគរបាលនិងប្រជាពលរដ្ឋនាំគ្នាគាស់យកចេញបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុនគរបាលបានឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនិងកន្លែងនោះតែម្ដង៕

Loading...