ព័ត៌មានជាតិ

ឃុំខ្លួនលោកយោធាម្នាក់ នៅក្នុងគុកសិន កុំឲ្យប្រើប្រាស់រថយន្តពណ៌ត្រីអ៊ី និងក្លែងស្លាកលេខរថយន្ត តទៅទៀត

ភ្នំពេញ: ទីបំផុតទៅ លោក លាង សំណាត់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨នេះ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួន មន្ត្រីយោធាម្នាក់ ដែលបានប្រើប្រាស់រថយន្តពណ៌ត្រីអ៊ី និងក្លែងស្លាកលេខរថយន្ត ជាបណ្តោះអាសន្ននៅពន្ធនាគារ ដើម្បីបន្តនីតិវិធីនាពេលក្រោយ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា លោក ងិន ពេជ្រ ជាតំណាងអយ្យការបានចោទប្រកាន់លើឈ្មោះ ឈ្មោះ យឹម សុកាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរយោធា ឋានន្តរសក្តិ អនុសេនីយ៍ទោ នៃអង្គភាពបញ្ជាការដ្ឋានកងរថក្រោះ ពីបទ៖
-ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា
-ប្រើប្រាស់ឯកសារ សាធារណ:ក្លែង
-និងបទប្រើប្រាស់ ស្លាកលេខយានជំនិះក្លែងក្លាយ

យោងតាមមាត្រា ៦១៦ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៨ នៃច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី។

សូមបញ្ជាក់ថា ជនត្រូវចោទរូបនេះ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងការិយាល័យព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន កាលពី ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនជនត្រូវចោទខាងលើ បានធ្វើឡើង តាមដីកាបញ្ជឱ្យចូលខ្លួន លេខ០៣៤ អ.យ.ព របស់ លោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលបាន ចោទប្រកាន់ ជនសង្ស័យ ពីបទប្រើប្រាស់រថយន្តពណ៌ត្រីអ៊ី និងក្លែងស្លាកលេខ និងបានកំណត់ឱ្យជនសង្ស័យបង្ហាញខ្លួន នៅការិយាល័យព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យបានមុនថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨។

ក្រោយឃាត់ខ្លួន ជនត្រូវចោទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រគល់ឱ្យការិយាល័យព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់ការតាមនីតិវិធី។

គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវ ឱ្យកងកម្លាំងទាំងអនុវត្តច្បាប់ ឱ្យបានតឹងរឹង បំផុតពាក់ព័ន្ធ ករណីមន្ត្រីខិលខូច ប្រើប្រាស់រថយន្តគេចពន្ធ ក្រោមរូបភាពពាក់ស្លាកលេខ ខ.ម និង ន.ប បំពានច្បាប់។

ជាចុងក្រោយនេះ គេបានឃើញថា ពិតជាមានការអនុវត្តច្បាប់យ៉ាង ម៉ឺងម៉ាត់មែន គឺសមត្ថកិច្ចបានចាប់ខ្លួន យោធា ជាជនសង្ស័យលើបានម្នាក់ ពាក់ព័ន្ធ ករណី ប្រើប្រាស់រថយន្តពណ៌ត្រីអ៊ី និងក្លែងស្លាកលេខរថយន្ត ខណ:ដែល រថយន្តពាក់ស្លាកលេខ ខ.ម ពណ៌ត្រីអ៊ី និងពាក់ស្លាកលេខ ន.ប ជាកម្មសិទ្ធិឯកជនរបស់មន្ត្រី របស់ជនបរទេស រាប់សិបគ្រឿង កំពុងចរាចរយ៉ាងរំភើយ ពាសពេញផ្លូវ មិនទាន់មានសមត្ថកិច្ចជំនាញ ណាហ៊ានទៅក្បែរនៅឡើយ៕

មតិយោបល់