ព័ត៌មានជាតិ

តាកូម៉ា បើកបុកម៉ូតូរបួសធ្ងន់២នាក់នៅកណ្តាលផ្លូវ ហើយត្រូវបុរសម្នាក់ទៀតបុកពីក្រោយថែមទៀត!

ភ្នំពេញ: មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណ:ដែលជិះម៉ូតូឌុបគ្នាមេឃកំពុងភ្លៀងហើយត្រូវរថយន្តតាកូម៉ាបើក បុកពេញទំហឹង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយមកស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូមកបុកពីក្រោយថែមទៀតរងរបួសស្រាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដា ឌ្រីមសង់ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-5507 បើកបរដោយបុរសម្នាក់និងមាននារីម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសដៅចរាចរណ៍ ទាំងមេឃកំពុងភ្លៀង ខណ:មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-4668 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក៏បានបុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំង២នាក់។

ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសម្រួលចរាចរណ៍បន្ទាប់មកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកPCXមកបុកពីក្រោយរថយន្តបណ្តាលឲ្យរងរបួសស្រាលថែមទៀត។

ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយបន្ត៕

មតិយោបល់