ព័ត៌មានជាតិ

រថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនតាក់ស៊ីខ្មែរ បើកបុកម៉ូតូកង់បី បណ្តាលឲ្យរងរបួស២នាក់!

ភ្នំពេញ: បុរសម្នាក់ជាអ្នកបើកតាក់ស៊ីម៉ែត្រម៉ាកព្រុស បានបើកក្នុងល្បឿនលឿនបុកកន្ទុយម៉ូតូកង់បីបណ្តាលឲ្យវិលមួយជុំ រងការខូចខាតកង់បីយ៉ាងដំណំ បណ្តាលឲ្យអ្នកជិះកង់បីនោះរងរបួសស្រាល២នាក់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុធារស កែងផ្លូវ ព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបុរសម្នាក់ជាអ្នករត់កង់បីបានដឹកភ្ញៀវតាមបណ្តោយផ្លូវព្រះសុធារស ទិសដៅពីត្បូងទៅជើង ដល់ត្រង់ចំណុចផ្លូវបែកជាបួនឆ្លងជិតផុតហើយ ស្រាប់តែមានរថយន្តព្រុស ពណ៌បៃតងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AO-6982 ជាតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនតាក់ស៊ីខ្មែរ បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវព្រះសុរាម្រិត បើកក្នុងល្បឿនលឿនបុកចំពីចំហៀងផ្នែកខាងក្រោយកង់បីបាក់កង់ៗបីខូចខាតយ៉ាងដំណំ។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខបន្តិចបន្តួច ហើយបង្កឲ្យមានអ្នករងរបួសស្រាល២នាក់ជាអ្នកជិះលើកង់បីនោះ ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងជជែកគ្នាយកត្រូវរាងខ្លួន រួចក៏ភាគីខាងរថយន្តតាក់ស៊ីព្រុសហៅអ៉ីនស៊ើរ៉េន មកក៏ឲ្យសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់