Post News Media ព័ត៌មានជាតិ បុរសអនាថាម្នា...

បុរសអនាថាម្នាក់ ត្រូវម៉ូតូបុកស្លាប់ ខណ:កំពុងដើរតាមផ្លូវ

ភ្នំពេញ: បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋអះអាងថា ជាជនអនាថាដែលតែងតែដើរ តាមផ្លូវជារៀងរាល់ថ្ងៃ ត្រូវបានម៉ូតូបុកស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ និង៣០ នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២០A ភូមិស្ដីសម្បត្ដិ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បុរសខាងលើនេះ មិនស្គាល់អត្ដសញ្ញាណនោះទេ ។

ប្រភពដដែល បានបន្ដទៀតថា នៅវេលាម៉ោងប្រហែល១២យប់ សមត្ថកិច្ចបានចុះល្បាត ក្នុងភូមិសាស្រ្ដដើម្បីទប់ស្កាត់បទល្មើស ក៏បានជួបបុរសដែលស្លាប់ខាងលើនេះ ដើរតាមផ្លូវ សមត្ថកិច្ចបានឃាត់ឲ្យដេក នៅក្នុងវត្ដសាកអំពៅ ពេលដែលបុរសខាងលើនេះ ដេកលក់សមត្ថកិច្ចក៏ចេញល្បាតបន្ដទៀត លុះដល់វេលាម៉ោងកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកបុរសខាងលើស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង ។

បើតាមសម្ដីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅវេលាប្រមាណជា៥ ទៀបភ្លឺគេបានឃើញបុរសអនាថានេះ បានឈរមុខផ្ទះកន្លែងលក់ជីរ ត្រូវបានគេដេញឲ្យចេញពីមុខផ្ទះ រួចគាត់បានដើរមកដល់ចំណុចកើតហេតុ ក៏ត្រូវម៉ូតូបុកស្លាប់
ចំណែកឯម៉ូតូបង្កគ៏បានដាក់មេប្រូចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌដង្កោ បានទាក់ទងសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យលើសាកសព រួចយកសាកសពទៅតម្កល់នៅវត្ដទឹកថ្លា ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Loading...