Post News Media ព័ត៌មានជាតិ រឿង នគរបាលខណ្...

រឿង នគរបាលខណ្ឌព្រែកព្នៅ ដេញបាញ់សម្លាប់ពលរដ្ឋ តុលាការផ្តន្ទាទោស ៦ខែព្យួរ ជនរងគ្រោះ គ្រោងប្តឹងឧទ្ធរណ៍

ភ្នំពេញ: ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨នេះ លោក ញឹម សុគា ជាជនរងគ្រោះនៃអំពើ បាញ់ប្រហារ ប៉ុនប៉ងសម្លាប់ ដោយជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ តួនាទីជា ប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ បានសម្តែងការសោកស្តាយ ដែលតុលាការ មិនបានចេញដីកាចាប់ខ្លួន ជនជាប់ចោទដាក់ពន្ធនាគារ ឱ្យសមនឹងអំពើដែលបានប្រព្រឹត្ត។

ជនរងគ្រោះដដែល បានបន្ថែមថា ខ្លួននឹងឱ្យមេធាវី រៀបចំឯកសារ ប្តឹងឧទ្ធរណ៍លើសំណុំរឿងនេះ ដើម្បីទាមទារយុត្តិធម៌។

សូមបញ្ជាក់ថា លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ទឹម សៅសុភ័ក្ត្រ តួនាទីជាប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ដាក់ពន្ធនាគារកំណត់រយ:ពេល ០៦ខែ តែទោសទាំងអស់ត្រូវព្យួរធម្មតា និងបង្គាប់ឱ្យជនជាប់ចោទសង សំណងជំងឺចិត្តទៅ ជនរងគ្រោះចំនួន ៣លានរៀល ពីបទ បង្កឱ្យមានរបួសដោយអចេតនា ប្រព្រឹត្តកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលសង្កាត់សំរោង ផ្លូវ ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌ។

គួររំឭកថា នៅក្នុងសវនាការកាលព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨កន្លងទៅ លោកចៅក្រម ជំនុំជម្រះ និងលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ បានសួរជនរងគ្រោះថា “ខ្លួនមិនមានរងរបួសអ្វីផង ហេតុអ្វីក៏ប្តឹងជនជាប់ចោទ?”

ជនរងគ្រោះបានឆ្លើយថា “ខ្លួនគ្មានរងរបួសមែន ហើយខ្លួនក៏មិនបានប្តឹងជនជាប់ចោទ ពីបទ បង្ករបួសស្នាមដែរ តែខ្លួនប្តឹងពីបទ ប៉ុនប៉ងមនុស្សឃាត ព្រោះអង្គហេតុដែលកើតឡើង គឺជនជាប់ចោទ បានដកកាំភ្លើងដេញបាញ់ខ្លួន សម្លាប់ចោល តែបាញ់មិនត្រូវ និងសម្លាប់ មិនបានដោយសារមាននគរបាល និងប្រជាជនជួយចាប់ជនជាប់ចោទ រហូតដល់ត្រូវរបួសមន្ត្រីនគរបាលម្នាក់ថែមទៀតផង”

ជនរងគ្រោះបន្ថែមថា ដូច្នេះ សូមលោកចៅក្រម និងលោកស្រី តំណាងអយ្យការ ពិនិត្យមើលអង្គហេតុ ឱ្យបានច្បាស់លាស់ មុនពេលសម្រេចសេចក្តី។

ជនរងគ្រោះ ឈ្មោះ ញឹម សុគា បានបញ្ជាក់ថា នៅថ្ងៃកើតហេតុខ្លួនបានជិះឡានម៉ាកបាឡែនទៅមើលស្រះត្រី ក្បែរកន្លែងកើតហេតុ។

ក្រោយមក ខ្លួនបានចូលទៅមើលគោនៅជាប់ប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង ពេលនោះ មានឈ្មោះ រ៉ា ភារុណ ជានគរបាលប៉ុស្តិ៍សសង្កាត់សំរោង បានហៅទៅផឹកនៅក្នុងប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង។

ពេលខ្លួនចូលទៅផឹកក៏ជួប នឹងជនជាប់ចោទ ឈ្មោះ ទឹម សៅសុភ័ក្ត្រ ដែលជាមនុស្សធ្លាប់មានទំនាស់កាលពីមុន ក្នុងងរឿងទិញលក់ត្រី។

ក្រោយពីខ្លួនបាន ផឹកអស់ស្រាបៀរក្រោន អស់មួយកំប៉ុង ខ្លួនសុំទៅផ្ទះមុន ស្រាប់តែជនជាប់ចោទ បាននិយាយឌឺដងថា “គេមិនចង់ផឹកជាមួយយើងទេ ព្រោះយើងអ្នកក្រ” ខ្លួនក៏បតវិញ ខ្ញុំមិនមែនជាអ្នកមានអីទេ តែខ្លួនជាប់រវល់ ចឹងហើយសុំទៅផ្ទះមុន។

ពេលនោះជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ បានខឹង និងយកកែវស្រា និងកូនចានចង្គឹះ គប់សំដៅលើខ្លួន ប៉ុន្តែខ្លួនគេចផុត។

ដោយជនជាប់ចោទ ខឹងខ្លាំងពេកក៏ស្រែកគំរាមបាញ់សម្លាប់ ជនរងគ្រោះ ទើបជនរងគ្រោះបានចាកចេញពីកន្លែងកើតហេតុ ពេលនោះជនជាប់ចោទបានជិះឡាន ម៉ាក ព្រូស ពណ៌ស ទៅតាមបាញ់សម្លាប់ជនរងគ្រោះ ប៉ុន្តែត្រូវសមត្ថកិច្ច និងប្រជាជនជួយចាប់ ទើបជនជាប់ចោទ បានបាញ់ ជនរងគ្រោះ ចំនួន ៤គ្រាប់ មិនត្រូវ ប៉ុន្តែត្រូវចំកំភួនជើង នគរបាលប៉ុស្តិ៍សង្កាត់សំរោងម្នាក់ឈ្មោះ ទឹម វណ្ណថេត ដួលនៅនឹងកន្លែង នៅពេលចូលទៅឃាត់ជនជាប់ចោទកុំឱ្យបាញ់។

ក្រោយកើតហេតុជនរងគ្រោះបាន ទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង ប៉ុន្តែគ្មានដំណោះស្រាយអ្វីសោះ ទើបខ្លួនបានសម្រេចចិត្តដាក់ពាក្យប្តឹង ជនជាប់ចោទ ពីបទ ប៉ុនប៉ងឃាតកម្ម នៅតុលាការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីឱ្យជួយរកយុត្តិធម៌៕

Loading...