ព័ត៌មានជាតិ

សង្ស័យគំនុំ! ជនមិនស្គាល់មុខ យកគ្រាប់បែកច្នៃគប់ចូលផ្ទះបុរសម្នាក់ រួចដាក់មេប្រូចបាត់..

ឧត្តរមានជ័យ: នៅយប់ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ោង១០យប់ មានករណីឃាតកម្មមិនបានសម្រេច(គប់គ្រាប់បែកកែច្នៃ) បង្កឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានគប់គ្រាប់បែកឆ្នៃចូលផ្ទះជនរងគ្រោះឈ្មោះ ឌី ភិច ភេទប្រុស អាយុ៥៥ រស់នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បណ្តាលឲ្យស្រ្តីជាប្រពន្ធឈ្មោះ ជួន ឈុន អាយុ៤៥ឆ្នាំ រងរបួសស្រាល ដោយដាច់រលាត់ត្រង់កជើង ថ្ងាស់ និងគល់ភ្លៅខាងឆ្វេង ភ្លាមនោះសមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ។

ក្រោយទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញខេត្ត និងស្រុក ចុះស៊ើបអង្កេតស្រាវជ្រាវកន្លែងកើតហេតុរកឃើញបំណែកគ្រប់បែកកែច្នៃកំប៉ុងជាច្រើនបំណែក លោកឧត្តមសេនីយត្រីស្នងការរង បានបន្ថែមថាឆ្លងតាមការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជុំវិញកន្លែងកើតហេតុពីកម្លាំងជំនាញ និងការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះ សន្និដ្ឋានថាជារឿងគំនុំ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីកំណត់មុខសញ្ញា៕

មតិយោបល់