ព័ត៌មានជាតិ

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ និងកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ២នាក់ក្នុងបទល្មើស២ករណីគឺអំពើលួចមានស្ថានទម្ងន់ទោស១ករណីនិងអំពើកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត,រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងប្រើប្រាស់លិខិតសាធារណ:ក្លែងមុននិងបញ្ជូនទៅតុលាការ។

ការបង្ហាញមុខជនសង្ស័យទាំង២នាក់ខាងលើបានធ្វើឡើងកាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមរបាយការណ៍នគរបាលឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ហ៊ឹម វិរុតភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅម្ហូបការ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះFINLEY EVERINGTONភេទប្រុស អាយុ២១ឆ្នាំ ជនជាតិអង់គ្លេស ស្នាក់នៅសណ្ឋាគារLE MONTផ្ទះលេខ១៩១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរបុគ្គលិកការិយាល័យ។

នគរបាលឲ្យដឹងថាកាលពីថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០១៨វេលាម៉ោង១៤និង៤០នាទីរសៀលមានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទម៉ាកIPhone 7Pluse)ប្រព្រឹតនៅចំណុចមុខផ្ទះលេខ១៥ផ្លូវ៣០៤ភូមិ២សង្កាត់សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកSuzuki Nexពណ៌ផ្កាឈូកផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GJ 9054 បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះខាងលើខណ:កំពុងធ្វើដំណើរជាមួយមិត្តស្រី នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវ៣០៤ ភូមិ២ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមនរាជធានីភ្នំពេញ។

ហើយរហូតដល់ម៉ោង១១និង២៥នាទី ថ្ងៃទី២១ ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបទល្មើសជាក់ស្តែង បានជនសង្ស័យម្នាក់នៅចំណុចភូមិតាង៉ូវផ្លូវលំ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបានមានម៉ូតូមួយគ្រឿងខាងលើមួកសុវត្ថិភាពពាក់ធ្វើសកម្មភាពចំនួន១អាវពេលធ្វើសម្មភាពចំនួនមួយ។

ជនសង្ស័យទី២ឈ្មោះ ថាំង សុខលីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ វត្ថុតាងដែលនគរបាលចាប់យកបានមានអាវុធខ្លីម៉ាកK59 លេខ៤១៤០ ផលិតនៅប្រទេសរុស្ស៊ី បង់ចំនួន១គ្រាប់ចំនួន៣គ្រាប់ សារធាតុញៀនក្រាម ពណ៌សថ្លា១ថង់តូច ម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ខ្មៅទឹកមាស ពាក់ស្លាកលេខក្លែងក្លាយ កំពង់ចាម1A 8447។

នគរបាលឲ្យដឹងថាកាលពីវេលាម៉ោងប្រហែល៨និង៣០នាទី ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានល្បាតការពារសន្តិសុខសុវត្ថិភាពក្នុងរាជធានីភ្នំពេញ ពេលកម្លាំងល្បាតតាមដងផ្លូវមកដល់ចំណុចមុខផ្ទះសំណាក់សេះមាស ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងបានឃើញជនសង្ស័យម្នាក់កំពុងជិះម៉ូតូមួយគ្រឿងស្លាកលេខក្លែងក្លាយខាងលើដោយមានការសង្ស័យ កម្លាំងក៏បានហៅធ្វើការត្រួតពិនិត្យរកឃើញមានអាវុធខ្លី១ដើម និងសារធាតុញៀនក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច រួចក៏នាំខ្លួនបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមទាំវត្ថុតាងត្រូវបានការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

មតិយោបល់