ព័ត៌មានជាតិ

Update៖ ចោរថ្លើមធំ ចូលប្លន់ហាង WRING CAFE ស្រស់ៗ ផ្អើលយ៉ាងខ្លាំង!

ភ្នំពេញ: សមត្ថកិច្ចបានដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការកំណត់មុខសញ្ញា ដើម្បីឈានទៅចាប់ខ្លួនជនសង្ស័យ និងបក្ខពួក បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្លន់ម្ចាស់ហាងកាហ្វេមួយកន្លែង ផ្អើលអស់សមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចខណ្ឌជ្រោងចង្វារឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធ ដែលធ្វើឲ្យផ្អើលអស់ទឹកដីខណ្ឌនេះ បានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ ហើយរហូតមកទល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំណត់មុខសញ្ញាបានហើយ ហើយសមត្ថកិច្ចក៏កំពុងដុតដៃដុតជើងក្នុងការរុករកជនបង្កអសន្តិសុខក្នុងសង្គម មកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។

បើតាមសមត្ថកិច្ច ជនសង្ស័យខាងលើ មានរាងស្គម មុខជ្រុង សម្បុរស្រអែម កម្ពស់ប្រហែល១.៦៥ម៉ែត្រ។ ជនសង្ស័យមិនធ្វើសកម្មភាពម្នាក់ឯងទេ ពោល គឺមានបក្ខពួកម្នាក់ នៅចាំបិទគូទនៅខាងក្រៅហាងកាហ្វេ ដែលជាកន្លែងកើតហេតុ។ ករណីនេះ ជនសង្ស័យបានប្លន់យកនូវទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រួមមាន ម៉ូតូ១គ្រឿងម៉ាក ហុងដា Sh ស៊េរីឆ្នាំ២០១៦ ពណ៌ស ស្លាកលេខ 1GJ-8157 ទូរសព្ទដៃមួយគ្រឿងម៉ាក សាមសុង និងប្រាក់ចំនួន២២០.០០០រៀល។

ដោយឡែក ជនរងគ្រោះមានឈ្មោះ លឹម ខេងហួរ ភេទស្រី អាយុ៣៨ឆ្នាំ ម្ចាស់ហាងកាហ្វេ មានទីលំនៅស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនរងគ្រោះកំពុងដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌជ្រោយចង្វារ។

តាមវីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យបានចូលទៅក្នុងហាងកាហ្វេក្នុងបំណងទិញភេសជ្ជ:។ បន្ទាប់ពីឃើញឱកាសល្អ ជនសង្ស័យក៏ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកលុយ ទូរសព្ទរបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿងទៀត ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងតាមក្រោយ។

ទីតាំងកើតហេតុ នៅចំណុចហាងយីហោ WRING CAFE ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។ ក្រោយការភ្ញាក់ផ្អើលខ្លាំង ទើបកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ចុះអន្តរាគមន៍នៅកន្លែងកើតហេតុ និងឈានទៅកំណត់មុខសញ្ញា៕

មតិយោបល់