ព័ត៌មានជាតិ

Update៖ សង្ឃ១អង្គសង្ស័យញៀនថ្នាំ ត្រូវនគរបាលប៉ុស្ដិ៍ចោមចៅ៣ឃាត់ខ្លួន

ភ្នំពេញ: ព្រះសង្ឃ១អង្គត្រូវបានកម្លាំងអាជ្ញាធរ សង្កាត់ចោមចៅ៣ និងនគរបាលប៉ុស្ដិ៍ចោមចៅ៣ ធ្វើការឃាត់ខ្លួន ខណ:ដែលសង្ឃអង្គនោះសង្ស័យប្រើប្រាស់សារធាតុញៀន ដើរដោះស្បង់ចីពរ និងក្នុងសភាពខុសប្រក្រតី តាមផ្លូវមិនសមរម្យជាសង្ឃ ដែលធ្វើឲ្យខុសព្រះធម៍វិន័យព្រះពុទ្ធសាសនា។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមផ្លូវត្រង់ចំណុចរង្វង់មូលថ្នល់បំបែកចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព្រះសង្ឃញៀនថ្នាំខាងលើនោះ ព្រះនាម ឌួង វណ្ឌី ព្រះជន្ម២១ វស្សាមានស្រុកកំណើត នៅខេត្តបាត់ដំបង និងគង់នៅក្នុងវត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញសង្ឃអង្គនេះ ដើរតាមផ្លូវត្រង់ចំណុចកើតហេតុខាងលើ ដោយបានដោះស្បង់ចីពរ និងមានស្ថានភាពខុសប្រក្រតី ដោយគ្មានខ្លាចអ្វីទាំងអស់។ ដោយសារមើលទៅមិនសមភ្នែក ទើបប្រជាពលរដ្ឋបានជូនដំណឹងឲ្យអាជ្ញាធរ និងនគរបាលប៉ុស្ដិ៍ចោមចៅ៣ ចុះធ្វើការឃាត់ខ្លួនប្រគល់ឲ្យខាងការិយាល័យធម្មការខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមច្បាប់៕

មតិយោបល់