Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនក្រុ...

ឃាត់ខ្លួនក្រុមចោរ ដែលកាប់ប្លន់ស្ត្រីម្នាក់ យកម៉ូតូ១គ្រឿង កាលពី៦ថ្ងៃមុន

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ក្រោមការបញ្ជាពីសំណាក់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវនិងចាប់ខ្លួនមុខសញ្ញាចោរប្លន់ចំនួន៣នាក់ ដែលបានប្រើដាវធ្វើសកម្មភាពកាប់ទៅលើស្ត្រីម្នាក់ប្លន់យកម៉ូតូ១គ្រឿងកាលពី៦ថ្ងៃមុន។

ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ១,ឈ្មោះរឿង រ៉ន ហៅជាតិ ហៅឡេង អាយុ២៤ឆ្នាំមុខរបរលីកាតុង ស្នាក់នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ។ជននេះគឺជាមុខសញ្ញាគាស់បន្ទប់និងគាស់ផ្ទះយ៉ាងសកម្មរាប់ដងមិនអស់ ២,ឈ្មោះអន ម៉េង ហៅ ពៅ អាយុ១៩ឆ្នាំ និង៣ឈ្មោះ ស៊ឹម បញ្ញា ហៅម៉ៅ អាយុ១៦ឆ្នាំ មុខរបរជាងប៉ះកង់រថយន្ត មានទីលំនៅក្នុងូមិអង្គកែវ សង្កាត់ចោមចៅ។ ចំណែកជនរងគ្រោះ ស៊ឹម សុខឃីម អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សា មានទីលំនៅម្ដុំ ផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បានបាត់បង់ម៉ូតូម៉ាកហុងដា Zoomer X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GV-7475។

ប្រភពដដែលបានបន្តទៀតថា កាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានជិះម៉ូតូធ្វើដំណើរមកពីខេត្តកំពង់ស្ពឺចូលភ្នំពេញតែម្នាកឯង។លុះពេលទៅដល់ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានក្រុមជនសង្ស័យខាងលើជិះម៉ូតូដេញតាមគំរាមកាប់ប្លន់យកម៉ូតូជិះគេចខ្លួនបាត់តែម្ដង។ពេលនោះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងហើយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ក្រោមការបញ្ជាដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវនិងចាប់ខ្លួនមុខសញ្ញាចោរប្លន់ចំនួន៣នាក់។ ដោយដកហូតបានកាំបិត ដាវ ថ្នាំញៀន ព្រមទាំងសម្ភារ:មួយចំនួនទៀតផងដែរ៕

Loading...