ព័ត៌មានជាតិ

កាមរីហាយប្រ៊ីត ពន្លះហាយឡាក់វីហ្គូ ខ្ទេចទាំងសងខាង!

ភ្នំពេញ: យុវជនម្នាក់ស្រវឹងបើករថយន្តម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនបង្អន់ល្បឿនក៏ជ្រុលទៅបុករថយន្តហាយឡាក់វីហ្គូ ខូចខាតទ្វាខាងស្តាំរថយន្តខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់រាងស្រវឹងស្រឿងៗ បើករថយន្តម៉ាកកាមរីហាយប្រ៊ីត ស៊េរីទំនើប ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-6651 ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងដល់ផ្លូវបំបែកជាបួនមិនបង្អន់ល្បឿន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡាក់វីហ្គូ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2366 បើកបរដោយបុរសម្នាក់បើកតាមបណ្តោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ក៏ស្រាប់តែរថយន្តកាមរីនោះបុករថយន្តហាយឡាក់វីហ្គូពេញទំហឹង បណ្តាលឲ្យខ្ទាតរងការខូចខាតផ្នែកចំហៀងខាងស្តាំ ចំទ្វារថយន្តហើយបែកកង់។ រីឯរថយន្តកាមរីហាយប្រ៊ីតវិញ រងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុហើយឪពុកម្ចាស់រថយន្តកាមរីនោះមកដល់ក៏ព្រមយករថយន្តហាយឡាក់វីហ្គូនោះទៅជួលជុលឲ្យដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់