ព័ត៌មានជាតិ

ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង ស្លាប់មួយរំពេច!

តាកែវ: បុរសម្នាក់បានស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីបានជិះម៉ូតូទៅបុកនឹងគូទគោយន្តកន្ត្រៃ ចំពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៧និង២៣នាទីយប់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៨៥-៨៦ ក្នុងភូមិនៀល ឃំុព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

មុនពេលកើតហេតុ មានគោយន្តកន្ត្រៃមួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់កន្លែងកើតហេតុ គោយន្តបានបែកកង់ ហើយក៏បម្រុងនឹងឈប់ ខណ:នោះក៏មានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់បានបើកមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ឃើញដូច្នេះ អ្នកបើកបរគោយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ រួចបានទុកគោយន្តចោល ចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសាកសពត្រូវបានសមត្ថកិច្ចឲ្យក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់