ព័ត៌មានជាតិ

កំពូលចោរ! ប្រើល្បិចទិញ ស្រាបៀរABC និងស្រាបៀរកម្ពុជា ជាច្រើនកេស​បានហូរហែ អស់លក្ខណ៍ជាប់ខ្នោះ

​ភ្នំពេញ: បុរសដែលជាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកច្រើននាក់ដែលជំនាញខាងដើរឆបោក យកស្រាបៀរតាមដេប៉ូ ហើយមួយរយ:កន្លងមកមានអ្នកចាញ់បោកក៏ច្រើននាក់ ច្រើនដងមកហើយដែរ ទើបតែលើកនេះជនសង្ស័យប្រើស្ទីលចាស់ដដែល តែត្រូវបានអស់លក្ខណ៍។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ដែលទីតាំងនៅត្រង់ចំណុចផ្សារចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលជំនាញខាងដើរឆបោកមានឈ្មោះ ភឿន ណាលិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដើរឆបោក ស្នាក់នៅផ្ទះជួលភូមិចម្ការឪឡឹក២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកដើមបណ្តឹងតំណាងឲ្យខាងដេប៉ូចែកចាយឈ្មោះ មាស នាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្តដឹកទំនិញឲ្យដេប៉ូ ស្នាក់នៅភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ។

តាមជនរងគ្រោះបានឲ្យដឹងថា កន្លងមកនៅក្នុងអំឡុងខែមករា ជនសង្ស័យខាងលើបានទៅកុម្មង់ទិញស្រាបៀរABC ២៣កេស ឲ្យដឹកមកដាក់នៅម្តុំផ្សារចោមចៅ ដើរដាក់តាមផ្ទះអ្នកលក់ លុះដល់អស់ស្រាពីរ៉ឺម៉កម៉ូតូ ដល់ទូទាត់លុយ ស្រាប់តែជនសង្ស័យគេចខ្លួនបាត់ ហើយទៅរកស្រាបៀរដែលដាក់នោះ ក៏បាត់អស់ដែរ ទើបដឹងថា ឆបោក បើគិតជាទឹកប្រាក់អស់៦១១,៨ដុល្លារ។ លុះដល់ល្ងាចថ្ងៃទី២៤ ខែកុម្ភ:នេះ ជនសង្ស័យ បានប្រើល្បិចចាស់ដដែលទៅកុម្មង់ស្រាបៀ ABC ១៥កេស ស្រាបៀរកម្ពុជា ២០កេស ទឹកវីតាល់៥កេស ក្រដាស់៨ដុំ សរុបជាប្រាក់អស់៦៧១,៩០ដុល្លារ ហើយជនសង្ស័យគ្រាន់តែចូលទៅកុម្មង់នៅដេប៉ូភ្លាមគេក៏ស្គាល់មុខ លុះពេលជនសង្ស័យឲ្យដឹកមកដាក់តាមមុខផ្ទះអ្នកលក់មិនខុសពីលើកមុនៗឡើយ។ ជនរងគ្រោះដឹងល្បិច មិនទម្លាក់ដាក់ឲ្យទេ តែប្រាប់ថា ដាក់រួចហើយ លុះដល់ទារឲ្យទូទាត់លុយ ជនសង្ស័យប្រើល្បិចរង់ចាំដាក់ឲ្យអស់សិន ប៉ុន្តែជនរងគ្រោះមិនដាក់ ក៏ឃាត់នាំខ្លួនយកទៅឲ្យប៉ុស្តិ៍ប៉ូលិសតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិតជាឆបោកពិតប្រាកដមែន ប្រើតាមរូបភាពចាស់ ឲ្យដឹកដើរទម្លាក់តាមផ្ទះគេថា ជាកន្លែងលក់របស់ខ្លួន ហើយមានបក្សពួកជាអ្នកដើរប្រមូលជញ្ជូនតាមក្រោយ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង ដោយផ្អែកទៅតាមបណ្តឹង ដើម្បីបញ្ជូនទៅអធិការដ្ឋានខណ្ឌចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់