ព័ត៌មានជាតិ

ចាប់បានហើយ! ជនសង្ស័យដែលរំលោភសម្លាប់ក្មេងស្រីអាយុ១៣ឆ្នាំ នៅព្រៃវែង

ព្រៃវែង: កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបករណីឃាតកម្ម (រំលោភសម្លាប់) ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចសាលាបឋមសិក្សា បាខៅ ស្ថិតក្នុភូមិព្រៃផ្តៅ ឃុំស្តៅកោងស្រុកបាភ្នំ ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅម៉ោងប្រហែល ១២ និង ៣០ នាទីថ្ងៃត្រង់ ជនរងគ្រោះបានចេញពីផ្ទះ ទៅផ្លាស់ស្មៅគោ នៅវាលស្រែ បន្ទាប់ពីផ្លាស់ស្មៅគោហើយ ក៏បានទៅសាលារៀន លុះដល់វេលាម៉ោង៥ល្ងាច មិនឃើញជនរងគ្រោះឈ្មោះ សុខ ចាន់ថង ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង មកផ្ទះវិញ ។ រហូតដល់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ទើបឈ្មោះ សុខ និន ត្រូវជាជីតាជនរងគ្រោះផ្តល់ព័ត៌មានដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្តៅកោង ដឹងអំពីការបាត់ ក្មេងស្រីរងគ្រោះ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងបានស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ៨ និង១៤ នាទីព្រឹក សមត្ថកិច្ចបានទទួលព័ត៌មានពីលោកគ្រូ ប្រចាំថ្នាក់របស់ក្មេងស្រីរងគ្រោះ ថាសាកសពក្មេងស្រីរងគ្រោះនៅក្នុងកំប្លោកក្រោយសាលារៀន ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាភ្នំ ដឹកនាំដោយលោកវរ:សេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានទៅដល់កន្លែងកើតហេតុ និងបានសហការ ជាមួយ កម្លាំងជំនាញនគរបាលខេត្តព្រៃវែង ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យលើសពជនរងគ្រោះឈ្មោះ សុខ ចាន់ថង ។ ក្រោយពីពិនិត្យសាសពរួចសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្ម (រំលោភសម្លាប់)។

ក្រោយពីកម្លាំងជំនាញបានធ្វើ កោសល្យវិច័យរួច សពបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានបញ្ជាកម្លាំងជំនាញធ្វើការស្រាវជ្រាវស៊ើបអង្គេតជាបន្តបន្ទាប់ និងដោយមានការ អនុញ្ញាតិពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង រហូតដល់វេលាម៉ោង១៦ និង ២២នាទី ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ អោក អូន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ ជាអ្នកយាមសាលាបឋមសិក្សាបាខៅ ដែលមានទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។

បន្ទាប់ពីបានកសាងសំណុំរឿងតាមនិតិវិធី នៅថ្ងៃទី២៥ ខែកុម្ភ:ឆ្នាំ២០១៨ វេលាម៉ោង៩និង០០នាទី មន្ត្រីជំនាញបានបញ្ជូនជនសង្ស័យឈ្មោះ អោក អូន ទៅសាលាដំបូងខេត្តព្រៃវែង៕

មតិយោបល់